ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខេត្តបាត់ដំបង បានបន្តបើកយុទ្ធនាការ បង្រ្កាបបទល្មើសគ្រឿងញៀនចំនួន២ករណី ដាច់ដោយឡែកពីគ្នា និងឃាត់ខ្លួនបានជនសង្ស័យគ្រឿងសរុប៣នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ រួមនឹងកាំភ្លើងខ្លី១ដើមបាញ់គ្រាប់ខ្យល់ អាចបង្កឱ្យមនុស្សស្លាប់ផងដែរ ។
កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងបង្រ្កាបជនសង្ស័យគ្រឿងញៀនបានជាបន្តបន្ទាប់នៅក្នុងរយៈពេលចុងក្រោយនេះ បទល្មើសគ្រឿងញៀនត្រូវគេមើលឃើញថា កំពុងតែកើតមានចាប់តាំងពីទីក្រុងរហូតដល់ទីជនបទកំពុងបង្កភាពភ័យខ្លាច និងព្រួយបារម្មពីសំណាក់ពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសគ្រឿង ក៏ត្រូវគេមើលឃើញទៀតថា បាននឹងអូសទាញស្រទាប់យុវជនឱ្យធ្លាក់ខ្លួនចូលប្រឡូកក្នុងគ្រឿងញៀន បើសិនជាសមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ និងបង្រ្កាបពុំមានប្រសិទ្ធភាពទេនោះ ។
ករណីទី១កម្លាំងអាវុធហត្ថបង្រ្កាបជនសង្ស័យគ្រឿងញៀន២នាក់ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះផុន យ៉ាត ភេទប្រុសអាយុ៣១ឆ្នាំ មានមុខររត់ម៉ូតូឌុប រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន២ថង់ស្មើនិង១០.៦៩ក្រាម និងថ្នាំញៀនមេតំហ្វេតាមីន wy១៣០គ្រាប់ កាំភ្លើងខ្លីបាញ់គ្រាប់ខ្យល់១ដើមគ្រាប់ចំនួន៦គ្រាប់ ម៉ូតូ១គ្រឿង ។
ករណីទី២ កម្លាំងនគរបាលបង្រ្កាបជនសង្ស័យ២នាក់កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិរំចេក ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង មានឈ្មោះ សួន ផល្លី ភេទ ប្រុស អាយុ២២ឆ្នាំ និងឈ្មោះ អូន សម្បត្តិ ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ ពួកគេទាំង២នាក់រស់នៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន២ថង់ ស្មើនិង៥.៩៦ក្រាម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។
ជនសង្ស័យគ្រឿងញៀន និងវត្ថុតាងថ្នាំញៀនខាងលើ កម្លាំងសមត្ថកិច្ចទាំង២ កំពុងតែកសាងសំណុំរឿងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា