កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសនេះ “មិនទាន់រួចរាល់” ដើម្បីចរចាជាមួយរុស្ស៊ី លុះត្រាតែទីក្រុងម៉ូស្គូ បញ្ចប់យុទ្ធនាការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ ហើយបានបដិសេធព័ត៌មានពីមន្ត្រីអាមេរិក និងអឺរ៉ុប ដែលស្នើឱ្យរៀបចំការចរចាសន្តិភាព។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចាជាមួយរុស្ស៉ីនោះទេ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីប្រទេសរបស់លោក នៅចំពោះមុខសេចក្ដីរាយការណ៍ថាក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានជំរុញឱ្យទីក្រុងកៀវ ទទួលយកកិច្ចចរចាជាមួយទីក្រុងមូស្គូ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៉ី និងកងទ័ពអ៊ុយក្រែននៅឯសមរភូមិ ត្រូវបានគេមើលឃើញថាមិនទាន់មានភាគីណាមួយមានប្រៀបដាច់លើភាគីណាមួយ នោះទេ បើទោះជាអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយបកក្នុងតំបន់ភាគខាងត្បូង និងខាងកើតនៃប្រទេសរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ ខណៈសង្រ្គាមនៅហ្កាហ្សា កំពុងទាញការយកចិត្តទុកដាក់ចេញពីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលស្គាល់ការពិតមួយនេះ ហើយថាក្រុមប្រទេសលោកខាងលិចមួយចំនួនកំពុង ដាក់សម្ពាធឱ្យអ៊ុយក្រែនចូលអង្គុយតុចរចាជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក បានដឹងយ៉ាងច្បាស់ថាខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចាជាមួយភេរវករ (រុស្ស៉ី) នោះទេ ពីព្រោះពាក្យសម្ដីរបស់ពួកគេមិនអាចជឿទុកចិត្តបាន»។ លោកបន្ថែមថា «ពួកគេ (កងទ័ពរុស្ស៉ី) ត្រូវតែដកចេញពីទឹកដីរបស់ពួកយើង ហើយមានតែធ្វើបែបនេះទេ ទើបពិភពលោកអាចនឹងងាកទៅរកការទូត»។
លោក ហ្សេលេនស្គី ក៏បានសារភាពដែរថាសង្រ្គាមជាមួយរុស្ស៉ីសព្វថ្ងៃកំពុងស្ថិតក្នុងស្ថានការណ៍មួយដ៏លំបាក និងបានបញ្ជាក់ជាថ្មីពី តម្រូវការចាំបាច់បន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស ដើម្បីបិទបញ្ចប់ការគ្រប់គ្រងរបស់រុស្ស៉ីនៅលើដែនអាកាស ខណៈរដូវរងាជុំទី២ នៃសង្រ្គាមនៅ អ៊ុយក្រែន កាន់តែខិតជិតចូលមកដល់៕
រូបថត: TTXVN-VNA