ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការជា មួយមន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត ដឹកនាំដោយលោកវីរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបករណី ផលិតសរសៃមីនិងលត គ្មានច្បាប់ការអនុញ្ញាតិនិងគ្មានអនាម័យ មួយកន្លែងនៅក្នុងក្រុងសៀមរាប រួចនាំម្ចាស់ទីតាំងមកធ្វើការផាកពិន័យ និងឱ្យធ្វើកិច្ចសន្យា ព្រមទាំងបិទជាបណ្តោះអសន្ន។
ករណីចុះបង្ក្រាបទីតាំងខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវីរសេនីយ៍ឯក សឿន សេន បានប្រាប់ថា មុនឈានដល់ធ្វើការបិទទីតាំងផលិតសរសៃមីលឿងនិងលត គ្មានច្បាប់និងគ្មានអនាម័យនេះ គឺធ្វើឡើង បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញចុះសហការជាមួយ មន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត ចុះត្រួតពិនិត្យនិងធ្វើការឆែកឆេរទីតាំងផលិតសរសៃមីនិងលត រួចមក បានបញ្ជាក់ឱ្យឃើញថា ទីតាំងនោះពិតជាគ្មានច្បាប់អនុញ្ញាតិ ព្រមទាំងគ្មានអនាម័យ ដោយពិតប្រាកដមែន។
ម្ចាស់ទីតាំងខាងលើមានឈ្មោះ ភាវ ករុណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកបានមានប្រសាសន៍បន្ថែមថា ការទទួលទានមី និងលត ដែលពុំបានពិនិត្យនិងគ្មានអនាម័យនេះអាចនិងមានបញ្ហាដល់សុខភាពនិងបញ្ហាផ្សេងៗទៀត។ ដូច្នេះ ទើបកម្លាំងសមត្ថកិច្ចនគរបាលបានសម្រេចចុះបិទទីតាំងនេះជាបណ្ដោះអាសន្ន ទៅតាម(ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម)។
បច្ចុប្បន្ន ម្ចាស់ទីតាំងខាងលើត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវនិងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត និងសូមអំពាវនាវដល់អាជីវករទាំងអស់នៅក្នុងខេត្តសៀមរាបដែលចង់ប្រកបមុខរបររកស៊ីឲ្យបានត្រឹមត្រូវ កុំឱ្យសមត្ថកិច្ចចាប់ ឬឃាត់ខ្លួននោះមេត្តានាំគ្នាធ្វើច្បាប់ជាមុនសិនចៀសវាងផលិតផលមានសារជាតិគីមីនិងគ្មានអនាម័យដូចទីតាំងខាងលើ៕
ដោយ៖ ប៊ុន រិទ្ធី