ខេត្តពោធិ៍សាត់ ៖ យោងរបាយការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ នាព្រឹកថ្ងៃពុធ ៣កើត ខែកគ្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ម្សិលមិញបានស្ទាក់ចាប់ជនសង្ស័យបន្លំលួចរថយន្តរត់ឈ្នួលពីឡែមទៅរាជធានីភ្នំពេញ នៅគ្រាដែលជនសង្ស័យរូបនេះ បញ្ឆោតឲ្យតៃកុងឈប់ដើម្បីបត់ជើងតូចតាមផ្លូវ នូវគ្រាដែលតៃកុង(ម្ចាស់រថយន្ត)បើកទ្វារឲ្យចុះ ទំនងឃើញឱកាសល្អក៍បានចុចឡុករថយន្តរួចបើកចេញទៅបាត់ ភ្លាមៗនោះម្ចាស់រថយន្តបានជួលម៉ូតូឌុបជិះដេញតាមបណ្ដើរ រាយការណ៍ប្រាប់សមត្ថកិច្ចបណ្ដើរ ។
ក្នុងរបាយការណ៍ដដែល ម្ចាស់រថយន្តម៉ាក ស្តារិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BS 1694 ឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រថយន្តឈ្នួល បច្ចុប្បន្ន រស់នៅ ភូមិស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ក្នុងរបាយការណ៍នោះ ម្ចាស់រថយន្ត(ចាន់ សុខនិត)រាបរប់លំអិតប្រាប់សមត្ថកិច្ចថា គាត់បានដឹកទំនិញឲ្យភ្ញៀវចេញពីឡែម(ព្រំដែន)ទៅទំលាក់នៅពោធិ៍ចិនតុង លុះមកដល់រង្វង់មូលព្រាប.ស ខេត្តបាត់ដំបង ឃើញបុរសម្នាក់ឈរបក់ដៃហៅរថយន្ត ខ្លួនក៍បានអេមខាងរួចឈប់រថយន្តសួរគាត់ថា ទៅណា? បុរសតបថា ទៅរាជធានីភ្នំពេញ ឃើញដំណើរស្របគ្នាខ្លួន(ម្ចាស់រថយន្ត)បានឲ្យគាត់ឡើងជិះ នៅពេលបន្តដំណើរតាមបណ្ដោយផ្លូវជាតិលេច៥ ដល់ម្ដុំឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បុរសនោះសុំគាត់ឈប់ដើម្បីបត់ជើងតូច ឈ្លាតពេលគាត់បើកទ្វាររថយន្តចុះ បុរសជាជនសង្ស័យបានចុចឡុករួចបើករថយន្តចេញទៅបាត់(ដូចបានរាបរបខាងលើ)។
របាយការណ៍ កម្លាំងសមត្ថកិច្ចបានត្រៀមចាំបង្រ្កាបរួចជាស្រាច់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យត្រូវបានបង្រ្កាបឈ្មោះ ឡេង ចិត្រា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិកំពង់លែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។ វត្ថុតាង រថយន្ត ប្រគល់ទទួលជូនម្ចាស់(ចាន់ សុខនិត)ចំណែកជនសង្ស័យ(ឡេង ចិត្រា)កំពង់បន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន