ខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធ យុវជនម្នាក់ចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូត្រូវ នគរបាលឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនចិត្តស្លុយម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិទិញស្រាបៀរហូបជាមួយគ្នា រួចទាញកាំបិតចុងស្រួចវែងចាក់សម្លាប់ប្លន់យកម៉ូតូដោយសារតែខ្វះលុយយកទៅដណ្តឹងប្រពន្ធនៅឯខេត្តតាកែវ។

ការឃាត់ខ្លួនយុវជនខាងលើនេះបាន ធ្វើឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា មានករណីប្លន់យកម៉ូតូមួយបានកើតឡើង ដោយសារតែជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចទៅអារ.ក និងចាក់សម្លាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ ខណៈដែលកំពុងផឹកស៊ីជាមួយគ្នា ហើយ( ជនរងគ្រោះ និងជនសង្ស័យជាមនុស្សស្គាល់គ្នា ) ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ រីឯយុវជនសង្ស័យឈ្មោះ ពេជ្រ រ៉ាវី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលដដែលបានបញ្ជាក់ទៀតថា ករណីនេះកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវហើយបានឃាត់ខ្លួនយុវជនចិត្តស្លុយដៃដល់ជាកម្មកររោងចក្រធ្វើការងារ ជាមួយជនរងគ្រោះដែរ។ ក្រោយមកនគរបាលបានដកហូតវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ ៖ កូនកាំបិត០១ដើម ស្បែកជើង០១គូ និងស្រាបៀរ០៦កំប៉ុង។

...

តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ និងអារកសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ ប្រាកដមែន ដោយសារខ្លួនខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធនៅក្នុងខេត្តតាកែវ ទើបសម្រេចចិត្តធ្វើបែបនេះទៅ៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print