ភ្នំពេញ ៖ ពលករខ្មែរ១៨នាក់ដែលជាអ្នករស់នៅខេត្តស្វាយរៀងបានចាញ់បោកជនជាតិចិន៣នាក់នាំឡើងជិះយន្តហោះបម្រុងទៅធ្វើការនៅប្រទេសចិនដោយខុសច្បាប់បង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៥នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយត្រូវសមត្ថកិច្ចនៅទីនោះជួយអន្តរាគមន៍ទាន់ ។
ប្រភពព័ត៌មានពីពលករជាជនរងគ្រោះបានឲ្យដឹងថា ពួកគាត់រស់នៅ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានចាញ់បោកមេខ្យល់ដែលជាជនជាតិចិននិងអ្នកបកប្រែភាសាចិន៤នាក់ដែលបានទៅបោកបញ្ឆោតនិងធានាអះអាងនាំពួកគាត់ទៅធ្វើការនៅរោងចក្រប្រទេសចិនដោយទទួលបានប្រាក់ខែគោលចំនួន៣៥០ដុល្លារយ៉ាងតិច ក្នុងមួយខែដោយមិនទាន់គិតប្រាក់ធ្វើការថែមម៉ោងដែលអាចទទួលបានពី១០០០ទៅ២០០០ដុល្លារនៅឡើយទេ។ ដោយឮបែបនេះធ្វើឲ្យពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងព្រោះគិតថាមានប្រាក់ខែខ្ពស់យ៉ាងនេះអាចចិញ្ចឹមគ្រួសារបានទើបនាំគ្នាព្រមព្រៀងទៅដោយ ក្នុងនោះជនជាតិចិនជាអ្នកចេញថ្លៃសំបុត្រយន្តហោះនិងចំណាយការស្នាក់និងហូបចុកគ្រប់បែបយ៉ាងឯពួកគាត់ចេញតែ១០ដុល្លារ ទេក្នុងម្នាក់ៗសម្រាប់ទៅពិនិត្យឈាមមុននឹង ចាកចេញដំណើរទៅ ។
ពលករទាំងនោះបានបន្តថា លុះដល់ម៉ោង៨យប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៥ ជាថ្ងៃត្រូវចេញដំណើរពួកគាត់ត្រូវជនជាតិចិនទាំងនោះនាំចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរជិះយន្តហោះទៅប្រទេសចិនហើយនៅម៉ោង១២អធ្រាត្រជាម៉ោងឡើងយន្តហោះស្រាប់តែជនជាតិចិនម្នាក់ឡើងយន្តហោះមុន នៅសល់២នាក់កំពុងបង្ខំពួកគាត់យ៉ាងតក់ក្រហល់ធ្វើឲ្យពួកគាត់សង្ស័យហាក់ដូចជា ចាញ់បោកជនជាតិចិនទាំងនេះ ក៏ប្រាប់អត់ព្រមទៅធ្វើការទេ។ ពេលនោះជនជាតិចិនងាកមើលឆ្វេងស្តាំនិងប្រាប់ពួកគាត់ថាបើមិនព្រមទៅទេត្រូវតែសងសំណងម្នាក់ៗ ចំនួន៧០០ដុល្លារទៅពួកគេទើបរួចខ្លួន ។
ប្រភពដដែលបន្តទៀតថា លុះពេលចូលដល់កន្លែងឆែកសំបុត្រយន្តហោះទើបដឹងថាលិខិតឆ្លងដែនរបស់ពួកគាត់ដែលធ្វើទៅកាន់ប្រទេសចិននោះជាលិខិតឆ្លងដែនមិនស្របច្បាប់ជាលិខិតឆ្លងដែនក្នុងនាមភ្ញៀវទេសចរណ៍ មានសុពលភាពរយៈពេលតែ១០ថ្ងៃនៅប្រទេសចិនប៉ុណ្ណោះ។ករណីនេះធ្វើឲ្យឮដល់សមត្ថកិច្ចនៅទីនោះថាពលករខ្មែរចាញ់បោកជនជាតិចិនក្នុងជំនួញជួញដូរមនុស្សទៅធ្វើការនៅប្រទេសចិន ដោយខុសច្បាប់ក៏បាន ឃាត់ខ្លួនជនជាតិចិនជាមេខ្លោងបានម្នាក់ ឯ៣នាក់ទៀតរួមនឹងអ្នកបកប្រែផងបានរត់គេចខ្លួនបាត់ ។
បន្ទាប់មកជនជាតិចិនដែលត្រូវបានឃាត់ខ្លួនម្នាក់នេះត្រូវសមត្ថកិច្ច បញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញដើម្បីធ្វើការ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប្រាថ្នា