ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ បញ្ហាប្រឈម និងកាលា នុវត្តភាព» ដោយ លោក កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន បានផ្តល់កិត្តិយស អញ្ជើញចូលរួមជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះ។
វេទិកាបានត្រូវប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្លិបបានសម្រេចលើកយកប្រធានបទនេះមកពិភាក្សាក្នុងគោលបំណង ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែម អំពីតួនាទីអាស៊ាន រួមទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និងសណ្ដាប់ធ្នាប់ពិភពលោកចំពោះ មុខគូ ប្រជែងរបស់ប្រទេសមហាអំណាច ពិសេស ដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។
លោកប្រធានក្លិប បានលើកឡើងថា ក.អ.ក ចាត់ទុកវេទិកាពិភាក្សានេះសមស្របបំផុតទៅនឹងបច្ចុប្បន្នភាពក្នុងតំបន់ និងពិភពលោក ហើយ ក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីតួនាទី និងអនាគតអាស៊ាន។
វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បី វាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាស៊ានបានចែករំលែកការយល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហាប្រឈម និងឱកាសដែលអាស៊ានអាចនឹងទទួលបានអំពីរបៀបនៃការពង្រឹង និងពង្រីក ឥទ្ធិពលបន្ថែមទៀត។
លោកក៏បានលើកយកបច្ចុប្បន្នភាពនៃបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកលមកជម្រាបជូនក្នុងវេទិកាពិភាក្សានេះផងដែរ ។
មន្ត្រីរាជរដ្ឋាភិបាល ដែលបំពេញការងារក្នុងកិច្ចការអាស៊ានមួយចំនួន រួមទាំងអ្នកសារព័ត៌មានមកពី ស្ថាប័នផ្សេងៗគ្នាប្រមាណជិត១០០នាក់ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សានេះ៕ដោយ៖ រ៉ារ៉ា