បងប្អូនដឹងទេថា! ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន រចនាឡើងបង្កប់នូវអត្ថន័យខ្លឹមសារអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន មានអត្ថន័យបង្ហាញអំពី ការអភិវឌ្ឍរីកចម្រើនលើហេដ្ឋរចនាសម្ព័ន្ធ មធ្យោបាយ និងសេវាដ៏សម្បូរបែប ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ ប្រព័ន្ធភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់។​ នេះបេី​តាមការបញ្ជាក់ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានគូសបញ្ជាក់ដូចខាងក្រោមនេះ៖

ទី១៖ រូបសញ្ញាក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅចំកណ្តាល ទ្រដោយក្បាច់ភ្ញីភ្លើង រំលេចពាក្យសោ្លក “អរគុណសន្តិភាព” ពីខាងក្រោម និងអមដោយទង់ជាតិមួយគូ ជានិមិត្តរូបតំណាងឱ្យស្ថាប័នក្រសួង ដែលមានសមត្ថកិច្ច និងបំពេញមុខងារជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ រូប “ព្រះវិស្ណុ” ខាងក្នុង តំណាងឱ្យមហិទ្ធិឫទ្ធិតេជៈបារមី ក្នុងវិស័យសំណង់វិស្វកម្មរបស់ជាតិ ក្នុងការរចនាប្លង់សាងសង់ ការពាថែរក្សា និងឃុំគ្រងឱ្យបានរឹងមាំ គង់វង្ស និងឋិតថេរយូរអង្វែង នូវស្នាដៃ និងស្ថាបត្យកម្ម វិស្វកម្ម វប្បធម៌រូបិយ ព្រមទាំងសំណង់អច្ឆរិយៈនានារបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាកេរ្តិ៍មរតក ដ៏មានតម្ឡៃរបស់មនុស្សជាតិ។

ទី២៖ នាគក្បាលបី នៅសងខាងប្រទីប តំណាងឱ្យភាពត្រជាក់ត្រជុំ ជ័យជម្នះ និងសុខសុភម្គល សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជានិមិត្តរូបដ៏មហិទ្ធិឫទ្ធិ និងស័ក្តសិទ្ធិ ក្នុងការថែរក្សា និងការពារប្រឆាំងនឹងខ្មាំងសត្រូវ ទាំងរូបិយ និងអរូបិយ ការពារនូវសំណង់ប្រាសាទ ធនធានទ្រព្យសម្បត្តិជាតិ ប្រជាពលរដ្ឋ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ ផ្លូវថ្នល់ តំណាងឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបាននិងកំពុងអភិវឌ្ឍរីកចម្រើន និងមាភាពប្រទាក់ក្រឡាខ្វាត់ខ្វែងនៅទូទាំងប្រទេស ទាំងនៅទីក្រុង និងទីជនបទ និងសមិទ្ធផលថ្មីៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដែលកំពុងដំណើរការ រួមជាមួយនឹងផ្លូវល្បឿនលឿនសំខាន់ៗផ្សេងទៀត ដែលកំពុងងអនុវត្តការសាងសង់ និងត្រៀមអនុវត្តនាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ទី៤៖ រថភ្លើង តំណាងឱ្យសេវាដឹកជញ្ជូនតាមផ្លូវដែក ដែលត្រូវបានសាងសង់ ជួសជុល និងដាក់ឱ្យប្រើប្រាស់ឡើងវិញ បន្ទាប់ពីត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ក្នុងរបរកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះ រថភ្លើងល្បឿនលឿន ក៏ជានិមិត្តរូបតំណាងឱ្យផែនការអភិវឌ្ឍនាពេលអនាគត រួមមាន គម្រោងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជាដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មីក្នុងរាជធានីភ្នំពេញ តភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិថ្មី និងតំបន់ប៉ូលសេដ្ឋកិច្ចជាតិសំខាន់ៗ។

ទី៥៖ កប៉ាល់ដឹកទំនិញ តំណាងឱ្យការតភ្ជាប់តាមផ្លូវទឹក ផ្លូវសមុទ្រ និងវិស័យកំពង់ផែរបស់កម្ពុជា ជាមួយប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈការបង្កើនសមត្ថភាពកំពង់ផែ ដើម្បីបម្រើឱ្យការនាំចេញ-នាំចូល ទំនិញគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ន និងអនាគត។

ទី៦៖ ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង តំណាងឱ្យហេដ្ឋារចនាសម្ព័ន្ធដែលវែងជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន ឆ្លងកាត់ទន្លេមេគង្គ មានប្រវែង ២២១៥ម៉ែត្រ។ ស្ពាននេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េធំៗ និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់មហាអនុតំបន់មេគង្គដ៏មានសក្តានុពល។

ទី៧៖ អគារស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន តំណាងឱ្យច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ដែលមានមុខងារសម្រួល និងបង្កើនទំហំពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគឆ្លងកាត់ព្រំដែនរវាង កម្ពុជា-ថៃ។ ច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាអន្តរជាតិ និងតភ្ជាប់តំបន់អាស៊ាន។

ទី៨៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងឱ្យគ្រឹះស្ថានបណ្តុះបណ្តាល អភិវឌ្ឍន៍ និងការកសាងធនធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថាននេះ បាននិងកំពុងបណ្តុះបណ្តាល សិស្ស និស្សិត និងមន្ត្រីរាជការ ដោយផ្តោតលើជំនាញបច្ចេកទេសសំខាន់ៗ ពាក់ព័ន្ធនឹងសំណង់ផ្លូវ-ស្ពាន សំណង់កំពង់ផែ ការគ្រប់គ្រង់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

...

សូមកុំភ្លេចរង់ចាំទស្សនា ប្រទីបរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័ន២៩ផ្សេងទៀត ដែលបានរៀបចំ និងតុបតែងរួចរាល់ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីនាព្រលប់នេះ និងពីរថ្ងៃបន្ទាប់ទៀត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print