ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កំពុងប្រព្រឹត្តទៅយ៉ាងឧឡាឫករយៈពេល៣ថ្ងៃ ចាប់ពី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព និងសណ្តាប់ធ្លាប់ល្អ ជាមួយនឹងការស្វាគមន៏វត្តមាន ប្រជាពលរដ្ឋ អញ្ជើមកពីគ្រប់បណ្តារាជធានី-ខេត្តយ៉ាងច្រើនកុះករនៅតាមដងទន្ល មុខព្រះបរមរាជវាំង និងនៅតាមរម្មណីយដ្ឋាន សួនច្បារសាធារណ នៅរាជធានីភ្នំពេញ។
អ្វីដែលជាការចាប់អារម្មណ៏ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ តាំងពីនៅថ្ងៃដំបូងនេះ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី៣នេះ រក្សាបាននូវសោភ័ណភាពស្រស់ស្អាត អនាម័យ មានការទុកដាក់សំរាមបានល្អ នៅតាមដងផ្លូវស្អាត។ នេះអាចសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីការទុកដាក់សំរាម ស្រលាញ់ភាពស្អាត ស្រលាញ់អនាម័យបរិស្ថាន ដោយចូលរួមឲ្យទីក្រុងយើងស្អាត ថែរក្សាផ្ទះឲ្យស្អាត។ ការទុកដាក់សំរាមជារឿងមួយ លើសពីនេះការចូលរួមពីសេវាអនាម័យ ការប្រមូលសំរាម នៅតាមដងផ្លូវសាធារណៈ មានប្រសិទ្ធភាពជាងមុន បានលឿនរហ័សតាមដងផ្លូវ ជាពិសេសនៅកន្លែងប្រារព្ធពិធីគ្មានសំរាម។ វប្បធម៌នេះ គួរត្រូវបានលើកទឹកចិត្ត និងបន្តឲ្យបានជាប់ជាប្រចាំ ពីពេលនេះតទៅ ថ្ងៃខាងមុខទៀត ដើម្បីកម្ពុជា ដែលជាផ្ទាះយើងទាំងអស់គ្នាស្អាត ហើយបន្តិចម្តងៗ កម្ពុជាយើងគ្មានសំរាមទៅថ្ងៃអនាគត។
ទន្ទឹមនឹងនេះ យុវជនក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងយុវជនមកពីបណ្តាអង្គការ សមាគមអ្នកស្រឡាញ់បរិស្ថាន រាប់រយនាក់ បានស្មគ្រចិត្តចូលរួម ចុះអប់រំផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយកីឡាករ និងជាមួយប្រជាពលរដ្ឋអ្នកចូលរួមទស្សនាការប្រណាំងទូក ការប្រគំតន្រ្តី បណ្តែប្រទីប ការបាញ់កាំជ្រួច និងដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញជាដើម ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃភាពស្អាត ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងមានអនាម័យ»។
លើសពីនេះ យើងក៏ពិនិត្យឃើញថា កន្លងមកក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ» ព្រមទាំងមានការលើកឡើងជាទិសស្លោក«យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ យុទ្ធនាការ បានជំរុញឲ្យមានប្រសិទ្ធភាពជាបណ្តើរៗ ក្នុងជំហានទៅការពង្រឹងចំណេះដឹងបន្ថែមលើការទុកដាក់សំរាម និងការប្តជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តើមពីមនុស្សម្នាក់ៗ ក្រុមគ្រូសារ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូសហការជាតិ និងអន្តរជាតិ អង្គការ សមាគម និងប្រជាពលរដ្ឋទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទូទៅ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលរៀន និងកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស ជាង៣លាននាក់ បានចូលរួមដោយផ្ទាល់ក្នុងការប្តេជ្ញាចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» លើសពីនេះទៀត ប្រជាពលរដ្ឋប្រមាណជាង៥០ភាគរយ នៃប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹងនិងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងរួមចំណែកជួយឱ្យកម្ពុជាស្អាត ។
ភាពស្អាត បានក្លាយជាឥរិយាបទរបស់មនុស្សទូទៅទទួលយកទៅប្រតិបត្តិ ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងភាពថ្លៃថ្នូ។ ប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនថែមទៀត ដើម្បីកម្ពុជាយើងស្អាត និងសោភ័ណភាព ចាំបាច់យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងរស់នៅក្នុងផ្ទះរបស់យើងជាមួយគ្នា៕