ខេត្តបន្ទាយមានជ័យៈ លោកតាវ័យ៨១ឆ្នាំនិងក្មេងប្រុសអាយុ០៦ឆ្នាំ បានលង់ទឹកស្លាប់ដោយឡែកពីគ្នាម្នាក់នៅស្រុកភ្នំស្រុកនិងម្នាក់ទៀតនៅស្រុកមង្គលបូរី
នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សពលោកតាវ័យ៨១ឆ្នាំម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកស្រះខាងត្បូង ភូមិព្រះអណ្តូង(ច្រវ៉ាទូក) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ជនរងគ្រោះឈ្មោះ សុក កប ភេទប្រុស អាយុ ៨១ ឆ្នាំ រស់នៅ ភូមិ/ឃុំ កើតហេតុខាងលើ គាត់ជាមនុស្ស ចាស់ជរា ទម្លាប់ ដើរចុះងូតទឹកស្រះតែម្នាក់ឯងជាប្រចាំថ្ងៃ ព្រោះកូនគាត់មិនសូវយកចិត្តទុកដាក់មើលថែទាំ ។
តាមការបំភ្លឺរបស់ឈ្មោះ ដេត ឌុល ភេទ ប្រុស អាយុ៤៤ ឆ្នាំ ត្រូវជាកូនប្រសារ ថា ៖បានរៀបរាប់ថាឪពុកក្មេករបស់បានបាត់ពីផ្ទះតាំងពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ ខេវិច្ឆិកា ឆ្នាំ២០២៣ ហើយបានដើររក តែរកមិនឃើញ លុះព្រឹកឡើងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ គាត់ក៏បានដើររកទៀត ស្រាប់តែឃើញសាកសពគាត់ស្លាប់អណ្តែតក្នុងទឹកស្រះនៅចំណុចកើតហេតុខាងលើ ហើយបានហៅបងប្អូន ជួយស្រង់យកមកដាក់លើគោក។
មួយករណីទៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៤០ នាទីព្រឹក មានករណីក្មេងលង់ទឹក នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្លបូរី បានឲ្យដឹងថា៖ក្មេងរងគ្រោះ ឈ្មោះ គន្ធា សុវណ្ណថៃ ភេទប្រុសអាយុ ០៦ឆ្នាំ លង់ទឹកស្រះខាងត្បូងភូមិចម្ងាយពីផ្ទះប្រហែល ១.០០០ ម៉ែត្រនៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ។ជនរងគ្រោះមានឪពុកឈ្មោះ យាន គន្ធា អាយុ ៣៨ឆ្នាំនិងម្ដាយឈ្មោះ ហ៊ាន គិមអាង អាយុ ២៩ឆ្នាំ ដោយ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ។
នគរបាលបានបញ្ជាក់ថា៖តាមការស្រាយបំភ្លឺរបស់ឈ្មោះ ចាប ហ៊ាន ភេទប្រុស អាយុ៧១ ឆ្នាំ ត្រូវជាជីតាបង្កើតបានរៀបរាប់ថា មុនពេលកើតហេតុចៅរបស់គាត់បានទៅស្រង់ស្រូវពូជ ជាមួយជីតា នៅវាលជញ្ច្រាំពស់ ខាងត្បូងភូមិ តែដោយបាត់យូរពេកគាត់បានទៅរកមើលឃើញចៅគាត់លង់ទឹកស្រះស្លាប់ ៕ ដោយ៖វណ្ណា