ភ្នំពេញ៖ អបអរសាទរ ខួប១ឆ្នាំ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1 ។
តោះចង់ដឹងអត់ថា គុនល្បុក្កតោ មានប្រវត្តិយ៉ាងដូចម្ដេច សូមអានដូចខាងក្រោម៖
ប្រជាពលរដ្ឋខ្មែរជាច្រើនស្គាល់ក្បាច់គុនល្បុក្កតោ។ តែពួកគេមិនបានដឹងប្រវត្តិនៃការកកើតក្បាច់គុនមួយនេះទេ។ តើក្បាច់គុនល្បុក្កតោកកើតពីពេលណា? តើពាក្យ«ល្បុក្កតោ»មានន័យដូចម្តេច? ការសិក្សាខ្លះថា ក្បាច់គុននេះទំនងជាកកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរផង។
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោ ជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។
ក្បាច់គុននេះទំនងជាកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរផងដែរ។ រឿងរ៉ាវនេះ អាចត្រូវបានស្វែងយល់តាមរយៈរឿងព្រេងខ្មែរ។ តាមការដំណាលតៗគ្នារបស់ដូនតាខ្មែរ ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោកើតចេញពីពលទាហានម្នាក់ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃនិងជង្គង់ ដើម្បីវាយសត្វតោមួយក្បាលដែលតែងតែមកវាយប្រហារ យាយី សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។
ដូចក្បាច់គុនខ្មែរផ្សេងទៀតដែរ គុនល្បុក្កតោប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វដូចជាសត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួននៅក្នុងសិល្បៈបុរាណរបស់ខ្មែរ ដូចជារបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗនៃក្បាច់គុននេះ បានបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថរស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្បាច់គុននេះតម្រូវឲ្យវាយកៀកនឹងគូប្រយុទ្ធដោយប្រើកែងដៃនិងជង្គង់ជាមូលដ្ឋាន។
គុនល្បុក្កតោចែកចេញជា១២ទ្វារ ដែលទ្វារទី១ដល់ទី៨ប្រើប្រាស់កាយសម្បទា ហើយទ្វារទី៩ដល់ទី១២ប្រើប្រាស់អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់។ អាវុធគ្រោះថ្នាក់រួមមានកាំបិត ដាវ លំពែង ព្រួញ និងស្នា។ អាវុធគ្មានគ្រោះថ្នាក់រួមមានតម្បៀតបោកស្រូវ ដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក។ ជាងនេះទៅទៀត គុនល្បុក្កតោក៏អាចប្រើក្រមាធ្វើជាអាវុធបានដែរ។ និយាយរួមទៅក្បាច់នេះមានភាពបត់បែនអាចការពារខ្លួនទប់ទល់នឹងការវាយប្រហារពីទិសទាំង៨ ហើយអ្វីៗដែលនៅជុំវិញខ្លួនសុទ្ធតែអាចយកមកប្រើជាអាវុធបានទាំងអស់។
ខុសពីក្បាច់គុននៅប្រទេសផ្សេងៗដូចជាការ៉ាតេដូ យូដូ ឬហាប់គីដូ កម្រិតនៃគុនល្បុក្កតោត្រូវបានបែងចែកជា៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ដោយពណ៌នៃក្រមាដែលរួមមាន ក្រមា«ស», បៃតង, ក្រហម, ត្នោត, ខៀវ, និងក្រមាខ្មៅ ហើយកម្រិតចុងក្រោយគេបង្អស់គឺកម្រិតក្រមាមាស។ ក្រមាខ្មៅមានចាប់ពីកម្រិតទី១ជាន់រហូតដល់កម្រិត១០ជាន់ ដែលសិស្សគុនទាំងអស់ត្រូវហាត់យ៉ាងតិច១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ កម្រិតខ្ពស់បង្អស់់នៃគុនល្បុក្កតោ គឺកម្រិតក្រមាមាស ដែលអ្នកទទួលបានកម្រិតនេះត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។ អ្នកហាត់គុនល្បុក្កតោមានឯកសណ្ឋានស្រដៀងនឹងទាហានខ្មែរនាសម័យបុរាណ។ សិស្សគុនត្រូវយកក្រមាមកចងជុំវិញចង្កេះ ហើយយករង្វេលសូត្រពណ៌ក្រហម«ថ្ងៃសង្វារ»មកចងជុំវិញក្បាលដែលជានិមិត្តរូបនៃពលានុភាព។
នៅក្នុងរយៈកាលនៃសម័យអង្គរគុនល្បុក្កតោបានផ្សារភ្ជាប់យ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកចម្បាំងសម័យអង្គរ គឺជាភស្តុតាងជាក់ស្តែងដែលបានច្បាំងពង្រីកចក្រភពខ្មែរ ឲ្យគ្របដណ្តប់លើទឹកដីច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចម្លាក់នៅតាមជញ្ជាំងប្រាសាទដែលមានចាប់តាំងពីសតវត្សរ៍ទី៩ដល់ទី១២បានបង្ហាញឲ្យឃើញថា ព្រះមហាក្សត្រនិងបុព្វបុរសយើងបានយកគុនល្បុក្កតោធ្វើជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការការពារ និងកសាងប្រទេសក្នុងសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ជាងនេះទៅទៀត គុនល្បុក្កតោបានផ្សារភ្ជាប់នឹងវប្បធម៌ជាតិ។ នៅពេលមានពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យដារលាន ឬពិធីបុណ្យដទៃទៀតអ្នកហាត់គុនល្បុក្កតោតែងតែណាត់ជួបគ្នាដើម្បីប្រកួតជាការកម្សាន្តកំដរពិធីបុណ្យ។
នៅក្នុងសម័យអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គុនល្បុក្កតោបានទៅលាក់ខ្លួននៅតាមទីវត្តអារាម និងនៅតាមតំបន់ដាច់ស្រយាល ដោយមិនមានស្ថាប័នទ្រទ្រង់ជាលក្ខណៈប្រព័ន្ធឲ្យបានត្រឹមត្រូវទេ។ ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យនៅតាមស្រុកភូមិបានដើរតួនាទីជាអ្នកថែរក្សាក្បាច់គុននេះ ដោយបានផ្ទេរចំណេះដឹងក្បាច់គុនទៅអ្នកជំនាន់ក្រោយនៅក្នុងន័យអភិរក្សផង សម្រាប់ការពារខ្លួនទប់ទល់នឹងអំពើឆក់ប្លន់ផង និងដើម្បីកសាងកម្លាំងប្រឆាំងនឹងការត្រួតត្រារបស់បារាំងផង។
គុនល្បុក្កតោបានធ្លាក់ចុះធ្ងន់ធ្ងរបំផុតនៅក្នុងសម័យនៃរបបខ្មែរក្រហមដែលគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ដូចប្រជាជនកម្ពុជានៅទូទាំងប្រទេសដែរ អ្នកដែលចេះក្បាច់គុនក្បុក្កតោជាច្រើនត្រូវបានសម្លាប់ ជម្លៀសឲ្យទៅរស់នៅតំបន់ដាច់ស្រយាល និងបង្ខំឲ្យធ្វើការជាទម្ងន់។ គ្រូគុនល្បុក្កតោផ្សេងទៀតបានលាក់អត្តសញ្ញាណមិនហ៊ានបង្ហាញ ឬបង្ហាត់ក្បាច់គុនល្បុក្កតោនេះទេ ដោយសារតែការហាត់ក្បាច់គុន និងសកម្មភាពទាំងឡាយណាមិនត្រូវបានអនុញ្ញាតដោយអង្គការខ្មែរក្រហម និងហាមឃាត់ជាដាច់ខាត។
ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ អ្នកចេះក្បាច់គុនល្បុក្កតោដែលនៅរស់រានមានជីវិតពីរបបនេះមានចំនួនតិចតួចណាស់។ គ្រូគុនល្បុក្កតោមួយចំនួនបានរត់ភៀសខ្លួនទៅរស់នៅបរទេស ហើយគ្រូគុនដែលសេសសល់ក្នុងប្រទេសមិនមានលទ្ធភាពបន្តសកម្មភាពក្បាច់គុននេះបានទេ។ ដោយសារប្រទេសទើបងើបពីរបបប្រល័យពូជសាសន៍និងដោយមិនមានការស្រាវជ្រាវនិងអភិរក្សផងនោះ គុនល្បុក្កតោស្ទើរតែត្រូវបានបំភ្លេចចោល និងបាត់ឈ្មោះពីក្នុងប្រវត្តិសាស្ត្រខ្មែរទៅហើយ។
អត្តភាពនៃគុនល្បុក្កតោត្រូវបានស្តារឡើងវិញដោយសារគ្រូតាជាង១០នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនិងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកគ្រូតាទាំងអស់បានខិតខំស្រាវជ្រាវចងក្រងឯកសារបង្កើតសាលាគុន លើកទឹកចិត្ត និងបំផុសឲ្យមានការហ្វឹកហាត់គុនល្បុក្កតោ កសាងក្លិប និងសមាគមនៅទូទាំងប្រទេស ហើយថែមទាំងបានបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាដោយជោគជ័យនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ដើម្បីអភិរក្សក្បាច់គុនល្បុក្កតោដែលជាព្រលឹងវប្បធម៌ជាតិ និងជាកេរមរតកដូនតាទុកសម្រាប់កូនចៅជំនាន់ក្រោយតទៅ។
ចាប់តាំងពីបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានេះមក គុនល្បុក្កតោទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់សាធារណជន តាមរយៈការចងក្រងជាខ្សែភាពយន្ត ការអញ្ជើញឲ្យទៅចូលរួមសម្តែង ការចូលរួមប្រកួតនៅក្នុងកម្មវិធីសំខាន់ៗទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ នៅទីបំផុត ក្បាច់គុនល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសារពើភ័ណបេតិកភណ្ឌវប្បធម៌អរូបីជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាឆ្នាំ២០១១។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំបញ្ចូលក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកីឡានៅថ្នាក់មធ្យមសិក្សាទូទាំងប្រទេសទៀតផង៕ដោយ៖សហការី