ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌដង្កោបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover បានសម្រេចហើយជិះគេចខ្លួនទៅបុករះរថយន្ត២គ្រឿងផ្សេងទៀតកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះគង់ វិច្ឆ័យ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ បូរីកម្មករ សង្កាត់ជេីងឯក ខណ្ឌដង្កោ ធ្លាប់ជាប់គុកពីរលើកពាក់ព័ន្ធបទល្មើស«ប៉ុនប៉ងមនុស្សឃាតនិងករណីឆក់ » និងលើកនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយជនសង្ស័យបានស្កឹះទ្វា រថយន្តម៉ាក Range Rover ពណ៌ប្រផេះពាក់ស្លាកលេខ កម្ពុជា LNL 7979 លួចជិះគេចទៅបុករថយន្តពីរគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏បានរាយការណ៍ដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ក្រោយកេីតហេតុម្ចាស់រថយន្ត២គ្រឿងដែលរងការខូចខាតដោយសារជនសង្ស័យបេីកបុកនោះ មិនបានប្តឹងផ្តល់នោះទេដោយសុំយករថយន្តទៅជួលជុលនិងធ្វេីដំណេីរធម្មតា ។ ចំណែកម្ចាស់រថយន្តម៉ាកRange Rover បានមកដាក់ពាក្យដេីម្បីអោយសមត្ថកិច្ចបន្តនីតិវិធីទៅលេីជនសង្ស័យទៅតាមផ្លូវច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនោះទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ