ខេត្តព្រះវិហារ ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវចេញ ហើយក៍សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដោយសារក្រុមការងារយើងខ្ញុំកំពង់បន្តសកម្មភាពការងារនេះ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិ លេខ៦២ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នឹងបើកការដ្ឋានជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៦២ ដោយក្រាលកៅស៊ូប្រភេទឌីប៊ីអេសធី (DBST) ប្រវែង ៥៥០ម៉ែត្រ ដោយពង្រីកទទឹង ៥ម៉ែត្រ សង្ខាង ព្រមទាំងផ្លូវបំបែកខ្នែង ប្រវែង ៦០ម៉ែត្រ ដាក់លូអ៊ុយតាម បណ្តោយផ្លូវ ប្រវែង ៨៨០ម៉ែត្រ ដាក់លូមូលតាមបណ្តោយផ្លូវ មុខកាត់ ០,៨ម៉ែត្រ ប្រវែង ៤៥០ម៉ែត្រ និង រឺហ្គាចំនួន ១៧កន្លែង ចាប់ពី គ.ម៦៧+៩៥០ ដល់ គ.ម៦៨+៥០០ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយគម្រោងខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបានបញ្ចប់។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានសង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម ដែលស្ថិតតាមបណ្តោយទីតាំងការដ្ឋានជួសជុលពង្រីកផ្លូវខាងលើនេះ ចូលរួមសហការរុះរើសំណង់ផ្សេងៗដែលបានសាងសង់រំលោភដីចំណីផ្លូវ អោយបានរួសរាន់មុនពេលបើកការដ្ឋាន។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនដំណឹងខាងលើនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលអោយគម្រោងខាងលើនេះអនុវត្តបានលទ្ធផលល្អ សម្រេចបានតាមផែនការ៕