ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី«លទ្ធផលការងាររបស់ក្រសួងព័ត៌មានក្នុងរយះពេល១០០ថ្ងៃ ក្នុងអាណត្តិទី៧នៃរដ្ឋសភា»។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃទី១០០នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលកន្លងមកនេះ រដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នបានបំពេញតួនាទីរបស់ ខ្លួនទៅតាមផែនការសកម្មភាពរៀងៗខ្លួន ប្រកបដោយថាមពលនិងឆន្ទៈខ្ពស់ ស្របតាមព្រះរាជក្រឹត្យចុះថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា បាន កំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំក្នុងរយៈពេល៥ឆ្នាំខាងមុខ គឺការប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជា *ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។ ការដាក់ចេញនិងអនុវត្តន៍ នូវចក្ខុវិស័យនេះដើរស្របនិងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីឈានទៅសម្រេចបានបេសកកម្មនេះ ការងារអាទិភាពសំខាន់ៗត្រូវបានអនុវត្តក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅនេះ រួមមាន ការធ្វើទំនើបកម្មស្ថាប័នដោយផ្តោតលើការការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និង ការកសាងរដ្ឋបាលទំនើប តួយ៉ាង ការរៀបចំប្រព័ន្ធសេវាកម្មច្រកចេញចូលតែមួយ ការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ក្នុងនោះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា (TVK និង RNK) ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូន ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងនៅលើពិភពលោក និងការផ្តល់ការគាំពារជូនមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន។ ទន្ទឹមគ្នានេះដែរ លំហូរព័ត៌មាននិងការងារត្រូវបានធានាឱ្យមានភាពរស់រវើកឡើងវិញ រវាងថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានទាំងអស់ ជាមួយនឹងមន្ទីរក្នុងរាជធានីខេត្តទាំងអស់ប្រកបដោយ ស្មារតីសហការ សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់។
ទិដ្ឋភាពការងារទាំងអស់នេះត្រូវបានលើកយកមកពិភាក្សាក្នុង «កិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល១០០ថ្ងៃ» កាលពីរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។ កិច្ចប្រជុំបាន បង្ហាញពីលទ្ធផលនៃការអនុវត្តការងាររួមគ្នាក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ក៏ដូចជាបានស្វែងយល់ពី បញ្ហាប្រឈមនានាសម្រាប់ដាក់ចេញជាផែនការសកម្មភាពការងារបន្តទៅមុខទៀតផងដែរ។
ក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មស្ថាប័ន ក្រសួងព័ត៌មានបានកែប្រែមុខមាត់ស្ថាប័នតាមរយៈការ រៀបចំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់រូបមានការិយាល័យធ្វើការគ្រប់គ្រាន់និងសមរម្យ ខណៈ បរិវេណនៃទីស្ដីការក្រសួងទាំងមូលមានភាពស្រស់បំព្រង ភាពបៃតង ព្រមទាំងមានភ្លើងបំភ្លឺផ្លូវនិងអគារ ក៏ដូចជាការផ្តល់ជូននូវសម្ភារបរិក្ខារចាំបាច់ជាមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលក្នុងការបំពេញការងារ ប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងបានដាក់ចេញនូវផែនការ គាំពារដល់មន្ត្រីក្រោមឱវាទ តាមរយៈយន្តការមួយចំនួនរួមមាន៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយ ការ បុគ្គលិកជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួង ព្រមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ៣០% លើសេវាកម្មសុខភាពមួយចំនួនពី មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូមេទឹក។ ក្នុងនោះដែរ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត របស់ក្រសួងដែលមានជីវភាពខ្វះខាតត្រូវបានលើកទឹកចិត្ត តាមរយៈការឧបត្ថម្ភថវិកា និងការផ្តល់ជូន គ្រឿងឧបភោគបរិភោគប្រចាំខែ។ ក្រសួងក៏បានរៀបចំនូវឯកសណ្ឋានបម្រើការងារជូនមន្ត្រីរាជការ និង មន្ត្រីចុះយកព័ត៌មានរបស់អគ្គនាយកដ្ឋានជំនាញ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។
ទាក់ទងនឹងការអនុវត្តច្បាប់ដើម្បីធានាសណ្ដាប់ធ្នាប់និងសន្តិសុខព័ត៌មាននៅកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បានសហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើលិខិត បទដ្ឋានគតិយុត្តមួយចំនួន រួមមានច្បាប់ស្តីពីរបបសារព័ត៌មាន ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ការរៀបចំស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យស្រប តាមបរិបទសង្គមនាពេលបច្ចុប្បន្ន។ ដើម្បីធានាសណ្ដាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ជា ដំណាក់កាលបឋម ក្នុងរយៈពេល១០០ថ្ងៃនេះ ក្រសួងព័ត៌មានបានដាក់ចេញនូវវិធានការមួយចំនួនសំដៅ ធ្វើបច្ចុប្បន្នភាពវិស័យព័ត៌មាន និងសោតទស្សន៍។ ក្នុងនោះ សម្រាប់អង្គភាពដែលកំពុងធ្វើប្រតិបត្តិការ ដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងត្រូវមកស្នើសុំអាជ្ញាបណ្ណពីក្រសួងក្នុងរយៈពេល៣ខែចាប់ពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាព នេះដែរ ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនដែលចេញដោយក្រសួងព័ត៌មាន ផ្ទាល់។ ជាងនេះទៀត ក្រសួងព័ត៌មានបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការរៀបចំនិងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីជៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នក សារព័ត៌មាន និងគាំទ្រដល់ការគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យបានច្បាស់លាស់។
ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍមូលធនមនុស្ស ក្រសួងបានរៀបចំនិងឈានទៅដាក់ឱ្យដំណើរ ការក្នុងពេលដ៏ឆាប់ខាងមុខនេះ នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការ ក្នុងគោលបំណងពង្រឹងសមត្ថភាព ក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ដែលផ្តល់ជាចំណេះដឹងដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិ និងឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើនសង្គមក្នុងបរិបទឌីជីថល។ ក្នុង ក្របខណ្ឌនៃកិច្ចការអន្តរវិស័យ ក្រសួងព័ត៌មានបានសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាជាតិ គយដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ការគាំទ្រ ដល់គ្នាទៅវិញទៅមក លើការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោង កម្មវិធីផ្សេងៗ។ កិច្ចការនេះជាកាតាលីករដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងព័ត៌មាន ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងក្នុងការក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃជាវិជ្ជមានលើការអនុវត្តផែនការការងាររបស់ ក្រសួងព័ត៌មានក្នុងរយៈពេល១០០ថ្ងៃកន្លងមក ដោយបានថ្លែងថា៖ «ក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ក្រសួងព័ត៌មានបានធ្វើដំណើរទៅមុខគួរជាទីមោទនៈ។ ក្នុងនោះ យើងបានមើលឃើញនូវភាពសកម្មក្នុង ការអនុវត្តយន្តការការងារសំខាន់ៗមួយចំនួនដែលធ្លាប់បានរាំងស្ទះនាពេលកន្លងមក។ ក្នុងស្មារតីនេះ ខ្ញុំ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តផែនការយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់។ ប្រសិនបើមិនមានការចូលរួមដ៏ផុសផុលនេះ យើងក៏មិនអាចដើរមកដល់ចំណុចនេះបាននោះទេ»។
កិច្ចប្រជុំក៏បានកត់ត្រាទុកនូវបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពនានាសម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តបន្ត។ ក្នុងនោះ លោករដ្ឋមន្ត្រី បាន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យខិតខំបង្កើនសកម្មភាពក្នុងក្របខណ្ឌនៃកិច្ចសហ ប្រតិបត្តិការជាមួយដៃគូនានាទាំងក្នុងប្រទេស និងក្នុងតំបន់ដោយរក្សាជំហ៊រនៃភាពជាម្ចាស់លើការរៀបចំនិង អនុវត្តគម្រោង៕ដោយ៖សហការី