ខេត្តស្វាយរៀង: លោកវេជ្ជ. ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថានៅឆ្នាំ ២០២៣ នេះខេត្តស្វាយរៀងមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១.៦១៦ នាក់។ ជាក់ស្តែង អ្នកជំងឺអេដស៍មកទទួលសេវាមានចំនួន ១.៤៦២ នាក់ និង ១៥៤ នាក់ ដែលត្រូវ ស្រាវជ្រាវរកដើម្បីអោយពួកគាត់ចូលសេវាទាន់ពេលវេលា ជាលទ្ធផលនៃការផ្តល់សេវា ៩ ខែ ឆ្នាំ ២០២៣ ចំនួនអ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍ មានចំនួន ១០.៧៩០ នាក់ (ស្ត្រីមានផ្ទៃពោះ តេស្តបានចំនួន ៤៩៩១នាក់)វិជ្ជមាន សរុបចំនួន ៥៦ ករណី(ស្ត្រីមានផ្ទៃពោះវិជ្ជមានចំនួន ៣ នាក់) ។
ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២៣ ក្នុងពិធី អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប នឹងជំងឺអេដស៍នៅកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានធ្វើពិធីសំណេះ សំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និង កុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៤៩ នាក់ មកពី ៥ ស្រុក ក្រុង ក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ក្រោមអធិបតីភាព លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ម៉ែន វិបុល គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម។
ក្នុងឱកាសនោះលោក ម៉ែន វិបុល គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានថ្លែងជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានលើកឡើងថា ៖ ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។
អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ទាំង ២៤៩ នាក់ ក្នុង ១ នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ថវិកាធ្វើដំណើ ៥០,០០០ រៀល ៕ដោយ៖សុថាន