អុីស្រាអែលបន្តសង្គ្រាមវាយប្រហារនៅហ្គាហ្សា ក្រោយបទឈប់បាញ់អស់សុពលភាព

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី ១ខែធ្នូ កម្លាំងការពារអុីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសបំពានបទឈប់បាញ់ ដោយបានបាញ់ប្រហារទៅលើទឹកដីអុីស្រាអែល។​​

សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។អុីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអុីស្រាអែលជាមុន។
ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ខណៈឱសានវាទការឈប់បាញ់ ត្រូវផុតកំណត់ចាប់ពីម៉ោង៧ព្រឹក ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅក្នុងស្រុក)។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រឹងប្រែងរកការឈប់បាញ់គ្នាជាបន្តទៀតនោះបានបរាជ័យទៅហើយ។ បទឈប់បាញ់គ្នាបានបញ្ចប់ ការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហារតាមផ្លូវអាកាស បានបន្តធ្វើដាក់លើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមកលើតំបន់ភាគខាងត្បូងវិញ។
សេចក្តីរាយការណ៍របស់កាសែត The Jerusalem Post បានរាយការណ៍ថា ប្រមាណជាងមួយម៉ោង មុនឱសានវាទឈប់បាញ់គ្នារយៈពេល៧ថ្ងៃ មានការបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ចេញពីតំបន់ហ្គាហ្សា សំដៅទៅកាន់ភាគខាងត្បូងលើទឹកដីអុីស្រាអែល និងក្រោយមកមានគ្រាប់រ៉ុក្កែតបាញ់ជាលើកទី២ នាប៉ុន្មាននាទីមុនពេលកំណត់ឈប់បាញ់គ្នាឈានមកដល់។អុីស្រាអែលបានអំពាវនាវដល់ពលរដ្ឋភាគខាងត្បូង ត្រូវស្ថិតនៅក្បែរលេណដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ដោយក្តីបារម្ភថានឹងអាចមានការបាញ់គ្រាប់រ៉ុក្កែត ជាច្រើនទៀតដាក់លើទឹកដីអុីស្រាអែលនោះ។
ការវាយប្រហាររវាងក្រុមហាម៉ាស និងប៉ាឡេស្ទីនក្រោយឱសានវាទនោះ ត្រូវគេរាយការណ៍កើតឡើងក្នុងតំបន់ Sheikh Radwan ដែលស្ថិតជាប់នឹងក្រុងហ្គាហ្សា ក្នុងភាគខាងជើង និងក៏មានសេចក្តីរាយការណ៍ អំពីការវាយប្រហារតាមផ្លូវអាកាសរបស់អុីស្រាអែល ដាក់លើតំបន់ហ្គាហ្សាភាគខាងត្បូង។ ការវាយប្រហារបានរាលដាលកាន់តែធំថែមទៀតក្នុងតំបន់ហ្គាហ្សា នៅថ្ងៃសុក្រ ទី១ ខែធ្នូនេះ។
សេចក្តីរាយការណ៍បានបង្ហាញថាមុននេះ ក្រុមសម្របសម្រួលបានធ្វើកិច្ចការជាមួយគ្នា ដើម្បីបន្ថែមការសម្រាកឈប់បាញ់គ្នាសម្រាប់មួយថ្ងៃថែមទៀត ដោយថែមទាំងមានការយល់ស្របថា នឹងមានការដោះលែងចំណាប់ខ្មាំងអុីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនថែមទៀត ប៉ុន្តែស្រាប់តែមានហេតុការណ៍បានផ្ទុះឡើង បណ្តាលឱ្យកិច្ចព្រមព្រៀងចង់បន្ថែមការឈប់បាញ់គ្នានោះ បានបរាជ័យទៅវិញ។ មន្ត្រីនាំពាក្យយោធាអុីស្រាអែល បានប្រញាប់ថ្លែងការណ៍ នាព្រឹកថ្ងៃសុក្រថា ក្រុមហាម៉ាសបានបំពានលើកិច្ចព្រមព្រៀង និងថែមទាំងបានបាញ់ដាក់លើទឹកដីអុីស្រាអែលជាបន្ថែមទៀត៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print