ប្រទេសវៀតណាម : នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ក្នុងថ្ងៃទី២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដាក់កម្រងផ្កា នៅវិមានវិរបុរស យុទ្ធជនពលី Bac Son និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នាទីក្រុងហាណូយ នាព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២៣។
ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តិទៅយ៉ាងឧឡារិក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។
ក្រោយពីពិធីនេះបានបញ្ចប់ គណៈប្រតិភូនឹងអញ្ជើញទៅវិមានរដ្ឋសភាវៀតណាម ដោយមានពិធីរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ បន្ទាប់មកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីវៀតណាម គឺ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា មុននឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសវៀតណាម រួមមានឯកឧត្តម អគ្គលេខាធិការបក្សវៀតណាម និងឯកឧត្តម ប្រធានរដ្ឋវៀតណាម ជាដើម។
សមាសភាពដែលត្រូវអម សម្តេចរដ្ឋសភាធិបតី នាឱកាសនេះមាន លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោក ឈាង វុន ប្រធាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា និងលោក បណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចរដ្ឋសភាធិបតី រួមនិងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី មួយចំនួនទៀតផងដែរ៕