មន្ត្រីអាមេរិកបាននិយាយថា ប្រទេសនេះបានផ្ទេរគ្រាប់បែកបំផ្ទុះទម្លុះបេតុងនិងអាវុធរាប់ម៉ឺនគ្រាប់ និងកាំភ្លើងធំផ្សេងទៀតទៅកាន់ប្រទេសអុីស្រាអែលដើម្បីជួយក្រុង Tel Aviv ប្រយុទ្ធនឹងក្រុមហាម៉ាស់។
កាសែត Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ទេរគ្រាប់បែកចំនួន ១៥.០០០ គ្រាប់និងកាំភ្លើងធំ ៥៧.០០០ គ្រាប់ទៅឱ្យអុីស្រាអែលភ្លាមៗ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាស់លើទឹកដីអុីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា។ ក្នុងចំណោមអាវុធខាងលើ មានគ្រាប់បែក BLU-109 គ្រាប់ចំនួន ១០០គ្រាប់ ដែលមានទម្ងន់ ៩០៧ គីឡូក្រាមក្នុងមួយគ្រាប់។
ពាក់ព័ន្ធបញ្ហាសង្គ្រាមអុីស្រាអែល ហាម៉ាស់ សារព័ត៌មាន AFP នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣បានដកស្រង់ការប្រកាសរបស់ សេតវិមានដែលបានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិកនឹងជំរុញឱ្យមានការបន្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងម្តងទៀត នៅក្នុងសង្គ្រាមរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «យើងបន្តធ្វើការជាមួយអុីស្រាអែល អេហ្ស៊ីប និងកាតារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា»។
គួរបញ្ជាក់ថា សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់៧ថ្ងៃ។ អុីស្រាអែលបានចោទថា ក្រុមហាម៉ាស់បានបំពានកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែតដាក់លើទឹកដីអុីស្រាអែមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតារ អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ខណៈដែលឱសានវាទការឈប់បាញ់ត្រូវផុតកំណត់ចាប់ពីម៉ោង៧ព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅក្នុងស្រុក)។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រឹងប្រែងរកការឈប់បាញ់គ្នាជាបន្តទៀតនោះបានបរាជ័យទៅហើយ។ បទឈប់បាញ់គ្នាបានបញ្ចប់ ការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតនិងការវាយប្រហារតាមផ្លូវអាកាសបានបន្តធ្វើដាក់លើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមកលើតំបន់ភាគខាងត្បូងវិញ៕ ដោយធីរីណា
រូបថត: WSJ