ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ សម្តេចធិបតី ថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកប្រជាជនចោលនោះទេ តែជារាជរដ្ឋាភិបាលមួយ ដែលបុរេសកម្ម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល ជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម នៅក្នុង ៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ»។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយគាំពាំសង្គម ជាបន្តបន្ទាប់រួចមកហើយ។
-សម្តេចធិបតី ថ្លែងថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។
– សម្តេចធិបតី ថ្លែងថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ ២០២៤ ខាងមុខតទៅ។
-សម្ដេចធិបតី ថ្លែងថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ សម្ដេច បន្ថែមថា យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។
-សម្តេចធិបតី ថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
– កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)
-សម្តេចធិបតី ថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥ដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រ ឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕