ភ្នំពេញ៖ ការទុកដាក់ ឬគ្រប់គ្រង សំរាមមិនបានត្រឹមត្រូវបណ្ដាលឲ្យ ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និង បរិស្ថាន ហើយបច្ចុប្បន្ននៅកន្លែងខ្លះ នៃក្រុងភ្នំពេញ មានគំនរសំរាម គំនរដូចភ្នំនៅក្បែរផ្ទះប្រជាពលរដ្ឋ និងតាមផ្លូវមួយ ចំនួនទៀតផងដែរ។
អនាម័យ នាំមកនូវសុខភាព នេះគឺជា ពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យ មួយចំនួនហាក់ដូចជាមិនសូវមានការ ប្រតិបត្តិ អោយបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។ ជាក់ស្តែង ការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានី ទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ ជនបទចុងកាត់មាត់ញក។ ការបោះចោល សំរាមនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណេះ ដឹង មារយាទ និងការទទួលខុសត្រូវរបស់ ពលរដ្ឋខ្មែរម្នាក់ៗ។
បើយើងធ្វើដំណើរមកផ្សារធំថ្មីតាមផ្លូវលេខ១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ (ម្តុំបេឡានបាត់ដំបង) យើងនឹងឃើញសំរាមឡើងគរដូចភ្នំពុំដែលមានអាជ្ញាធរពាក់ព័ន្ធចុះមកពិនិត្យមើលនោះ ទេ ធ្វើឲ្យមានក្លិនស្អុយចេញពីគំនរសំរាមនេះខ្លាំងណាស់ ហើយប្រជាពលរដ្ឋក៏បានរិះគន់ទៅអាជ្ញាធរថា មិនមានវិធានការ ទប់ស្កាត់ចំពោះអ្នកដែលយកសំរាមមកចាក់នៅទីកន្លែងនេះទេ ធ្វើឲ្យកន្លែងមួយនេះដូច ជាទីវាលសំរាប់ចាក់សំរាមទៅហើយ។
អាជ្ញាធរ និងមន្ត្រីបរិស្ថានទទួលស្គាល់ បញ្ហានេះ តែអះអាងថា អាជ្ញាធរមានវិធានការជាបន្តបន្ទាប់ក្នុងសកម្មភាពលើកស្ទួយសោភណភាពទីក្រុង ហើយបញ្ហាសំរាម អាចនឹងត្រូវបានដោះស្រាយក្នុងពេល ឆាប់ៗ។ យ៉ាងណា សំរាមនៅតែជាបញ្ហា រាំងស្ទះដល់ការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ ដោយសារតែប្រជាពលរដ្ឋមួយចំនួននៅ មិនទាន់យល់ពីបញ្ហាសំរាមនេះ ដោយមិនមានទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមពេលវេលាដែលបានកំណត់ថាពេលណាយើងយកសំរាមមកបោះចោលបានហើយទីកន្លែងណាដែលយើងមិនត្រូវយកសំរាមទៅបោះចោលនោះទេ។
ប្រជាពលរដ្ឋ បានសំណូមពរឱ្យលោកនាយកក្រុមហ៊ុនស៊ិនទ្រី មេត្តាជួយពន្លឿនឱ្យរថយន្តដឹកសំរាមទៅយកសំរាមកុំឱ្យ ខកខាន ដូច្នេះទៀត ព្រោះពួកគាត់ពិបាកក្នុងការរស់នៅយ៉ាងខ្លាំងពីក្លិនស្អុយដែលចេញពីគំនរសំរាមទាំងនេះ និងសំណូមពរ ទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសលោកអភិបាល រាជធានីភ្នំពេញ មេត្តាមានវិធានការទប់ស្កាត់ចំពោះអ្នកដែលយកសំរាមមកចាក់នៅទីកន្លែងនេះផង ៕
ដោយ៖ ជ្រោយពេជ្រ