អាមេរិកបានបណ្តេញមន្ត្រីការទូតរុស្ស៊ីពីររូបចេញពីប្រទេស ដើម្បីប្រឆាំងទៅនឹងសកម្មភាព ដែលអាមេរិកបានចាត់ទុកថា មានការវាយប្រហារពីប៉ូលិសរុស្ស៊ីទៅលើមន្ត្រីការទូតអាមេរិកនៅក្នុងទីក្រុងមូស្កូ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Kirby បានឲ្យដឹងថា មន្ត្រីការទូតរុស្ស៊ីពីររូបនឹងត្រូវចាកចេញពីអាមេរិកនៅថ្ងៃទី១៧ ខែកក្កដា ។
នៅក្នុង ការបកស្រាយពីបញ្ហាដែលបានកើតឡើងនៅខាងក្រៅស្ថានទូតអាមេរិកកាលពីថ្ងៃទី៦ ខែកក្កដា លោក Kirby បានច្រានចោទព័ត៌មាន ដែលក្រសួងការបរទេសរុស្សីបានលើកឡើងថាបុគ្គលិសសន្តិសុខរុស្ស៊ីខិតខំការពារស្ថានទូតអាមេរិក តាមរយៈការត្រួតពិនិត្យទៅលើលិខិតស្នាមរបស់បុរសម្នាក់ ។
លោក Kirby បញ្ជក់ទៀតថា បុរសរូបនោះគឺជាមន្ត្រីការបរទេសអាមេរិក ហើយបានបញ្ជាក់ប្រាប់ប៉ូលិសពីតួនាទីរបស់ខ្លួន ប៉ុន្តែត្រូវប៉ូលិសរុស្ស៊ីម្នាក់វាយប្រហារ ។ លោកបានចាត់ទុកថា ទាំងនោះជាសកម្មភាពគ្មានហេតុផល បង្កគ្រោះថ្នាក់ ដល់មន្ត្រី និងបុគ្គលិកអាមេរិកនៅទីក្រុងម៉ូស្កូ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zaskharova បានច្រានចោលការចោទប្រកាន់ខាងលើរបស់អាមេរិក ដែលថា ក្រុមសន្តិសុខរុស្ស៊ីបានវាយប្រហារទៅលើមន្ត្រីស្ថានទូតពេលធ្វើដំណើរចូលទៅខាងក្នុង ។
តាមប្រសាសន៍របស់លោកស្រី សន្តិសុខរុស្ស៊ីឯណោះវិញទេ ដែលរងការវាយប្រហារ នៅពេលដែលកំពុងត្រួតពិនិត្យទៅលើអត្តសញ្ញាណមនុស្សដែលមានបំណងចូលទៅខាងក្នុងស្ថានទូតអាមេរិកនៅរុស្ស៊ី ។ រូបភាពក៏ត្រូវបានកាមរ៉ាសុវត្ថិភាពថតហើយផ្ញើទៅឲ្យភាគីអាមេរិកផងដែរ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលធ្វើដំណើរចូលស្ថានទូតអាមេរិក គឺជាមន្ត្រី CIA ដែលធ្វើការនៅក្នុងប្រទេសរុស្ស៊ី ហើយមិនចង់ឲ្យបែកធ្លាយការពិត ទើបទើបមានហេតុការណ៍ខាងលើកើតឡើង ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី ក៏បានលើកឡើងពីបញ្ហាខាងលើទៅពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកហ្សឺហ្គេឡារ៉ូ។ អាមេរិកចង់ដោះស្រាយបញ្ហាខាងលើតាមរយៈកិច្ចពិភាក្សាថ្នាក់រដ្ឋាភិបាល ៕
ប្រែសម្រួល៖ ម៉ែវ សាធី