ភ្នំពេញ៖ ពិតណាស់ថាប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ច្រើនពីព្រឹត្តិការណ៍ ប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកអាស៊ានដែលបានដំណើរការប្រកួតនៅ ព្រឹកថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១៦ ដោយមាន វត្តមានប្រតិភូដឹកនាំកីឡាករកីឡាការិនី វាយកូនឃ្លីលើតុមកពីប្រទេសចំនួន៧ក្នុងចំណោម១១ប្រទេសនៅអាស៊ីអាគ្នេយ៍។ ការប្រកួតនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦ នៅអគារប៊ូយ៉ុងក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាមាន ប្រសាសន៍ថា ការរៀបចំឲ្យមានការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជនអាស៊ាន អាយុក្រោម១៨ឆ្នាំនេះ ប្រទេសកម្ពុជាយើង ទទួលបានផលចំណេញច្រើន ដូចជាទី១-សម្រាប់កីឡាករកីឡាការិនីពួកគាត់ទទួលបានបទពិសោធន៍ថ្មីៗ ពីដៃគូប្រកួតមកពី បណ្តាប្រទេសដទៃក្នុងតំបន់អាស៊ានដែលហ្វឹកហាត់ពីគ្រូខុសៗគ្នាដោយមិនអាចដឹងពីសមត្ថភាពមុនការប្រកួតមកដល់ឡើយ, ទី២-ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនេះគឺជួយ ពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ, ទី៣-ការប្រកួតនេះអាចជួយពង្រឹងសមត្ថភាពក្រុមមន្ត្រីផ្នែក ទំនាក់ទំនងកិច្ចការបដិសណ្ឋារកិច្ចប្រតិភូដឹកនាំកីឡាមកពីបណ្តាប្រទេសផ្សេងៗ, ទី៤-ធ្វើឲ្យមន្ត្រីចៅក្រមអាជ្ញាកណ្តាលកម្ពុជាមានឱកាសបានធ្វើការជាមួយគណៈកម្មការចៅក្រមអាជ្ញាកណ្តាលអន្តរជាតិទាំងនេះគឺអាចជួយពង្រឹងដល់សមត្ថភាពនិងការគ្រប់គ្រងកម្មវិធីប្រកួតបានល្អឈានទៅរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗដែលកម្ពុជាកំពុងតែត្រៀមលក្ខណៈដូចជានៅ ចុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី១ដែលមានទម្រង់ដូច ព្រឹត្តិកាណ៍កីឡាស៊ីហ្គេមដែលជាជំឈានថ្មីមួយឆ្ពោះទៅគ្រប់គ្រងការប្រកួតកីឡា ស៊ីហ្គេមនាឆ្នាំ២០២៣ ។
លោកបានបញ្ជាក់ទៀតថា ការប្រកួត នេះក៏បានបង្ហាញពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាមានស្ថិតភាពល្អប្រសើរទើបសហព័ន្ធកីឡាវាយកូនឃ្លីលើតុពិភពលោកសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាស៊ីក៏ដូចជាសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍អនុញ្ញាតឲ្យប្រទេស កម្ពុជាយើងរៀបចំនូវព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនេះឡើងដោយគេគិត ថាកម្ពុជាអាចធានាបាននូវសុវត្ថិភាព។
លោកឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យ ដឹងថា ការប្រកួតនេះមានអត្តពលិកចូល រួមសរុប១២០នាក់មកពីប្រទេសចំនួន៧ ក្នុងតំបន់អាស៊ានរួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ វៀតណាម ហ៊្វី ពីន ម៉ាឡេស៊ី សិង្ហបុរី ខណៈប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយ ណេ និងទីម័រខាងកើតអវត្តមានមិនបាន ចូលរួមឡើយ។
លោកបានបន្តថា សម្រាប់វិញ្ញាសាដែលត្រូវដាក់ឲ្យកីឡាករកីឡាការិនីប្រកួតមានចំនួន៣វិញ្ញាសា គឺវាយឯកត្តជនបុរស-នារី វាយគូបុរស-នារី និង វាយគូចម្រុះ៕
ដោយ៖ សារីម