រឿងអាស្រូវអុីម៉ែលបានគ្រប់ដណ្តប់ទៅលើការប្រជែងតំណែងប្រធានាធិបតីអាមេរិករបស់លោកស្រី គ្លីនតុន។ ក្រុម ប្រឆាំងបានប្រើប្រាស់រឿងរ៉ាវនោះដើម្បី បំបាត់សំឡេងគាំទ្រលោកស្រី ប៉ុន្តែលោកស្រីនៅតែទទួលបានការគាំទ្រខ្ពស់ដដែល។ នៅពេលនេះដែរក្រុម FBI ដែលស្រាវជ្រាវពីករណីនោះបានផ្តល់យោបល់ថា លោក ស្រីមានការធ្វេសប្រហែស ប៉ុន្តែមិនចាំបាច់មានការប្តឹងផ្តល់លោកស្រីទៅតុលាការទេ។
ការស្នើបែបនោះបានធ្វើឲ្យលោកស្រីហ៊ីលឡារី គ្លីនតុន អាចធូរស្រាលចិត្តវិញ ហើយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយគ្មានការប្រឡាក់ប្រឡូសនឹងការចោទប្រកាន់ផ្លូវ ច្បាប់។ លោកស្រី គ្លីនតុន ជាបេក្ខនារីបក្ស ប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ទីភ្នាក់ ងារស៊ើបអង្កេត FBI បានផ្តល់អនុសាសន៍កុំឲ្យមានការប្តឹងផ្តល់លោកស្រីទៅតុលាការទាក់ទងរឿងអាស្រូវប្រើប្រាស់អុីមែ៉លផ្ទាល់ខ្លួនក្នុងពេលលោកស្រីនៅជារដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ២០០៩ដល់ឆ្នាំ ២០១៣។
FBI បានសួរចម្លើយលោកស្រី គ្លីនតុន ៣ម៉ោងកន្លះកាលពីចុងសប្តាហ៍កន្លងទៅ ជុំវិញរឿងអាស្រូវអុីម៉ែលនេះ។ ប្រធាន FBI លោក ចេម ខូមៃ បានបន្ទោសថា លោក ស្រី គ្លីនតុន ខ្ជីខ្ជាហួសហេតុណាស់។ ការ ដែលលោកស្រីប្រើ អុីមែ៉ល ផ្ទាល់ខ្លួនក្នុង កិច្ចការជាតិ ដូច្នេះវាជាការធ្វេសប្រហែស អាចឲ្យគេលួចចូលមើលព័ត៌មានសម្ងាត់ របស់រដ្ឋាភិបាលអាមេរិកបាន។ កាលពីកន្លង ទៅថ្មីៗនេះប្រធាន FBI ប្រាប់ថា អុីមែ៉ល ចំនួន១១០របស់លោកស្រី គ្លីនតុន មាន ផ្ទុកនូវព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ ម៉ែវ សាធី