ទីផ្សារអចលនទ្រព្យរបស់មីយ៉ាន់ម៉ានឹងអណ្តែតជាងនេះទៀត ប្រសិនបើបទបញ្ញត្តិស្តីពីការកំណត់ថ្លៃ និងបញ្ហាជាប់ពាក់ព័ន្ធនឹងអចលនទ្រព្យនេះត្រូវបានពង្រឹងនោះ។
នៅក្នុងកម្មវិធី «Property Report Congress Myanmar 2016» ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងធនាគារមួយចំនួនបានជំរុញឱ្យរដ្ឋាភិបាលជួយកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងបទបញ្ញត្តិឱ្យមានភាពប្រសើរជាងនេះ។
លោក Tony Picon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Collier International Myanmar បានមានប្រសាសន៍ថា ប្រទេសនេះចាំបាច់ត្រូវតែគ្រប់គ្រងទៅលើតម្លៃអចលនទ្រព្យ ហើយយកចិត្តទុកដាក់ទៅលើគេហដ្ឋានដែលមានតម្លៃសមរម្យផងដែរ។
លោកបានបន្តថា អាផាតមិនមួយមានតម្លៃប្រមាណជា ៣០.០០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃ ដែលមានផ្ទៃក្រឡាប្រមាណជា ៣០ម៉ែត្រការ៉េ ប៉ុន្តែតម្លៃដូចគ្នានេះដែរ នៅប្រទេសមីយ៉ាន់ម៉ាវិញ ទិញអាផាតមិនបានតែ ១៥ម៉ែត្រការ៉េប៉ុណ្ណោះ។
លោកបានជំរុញឲ្យរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើតម្លៃផ្ទះសម្បែងឲ្យបានសមរម្យសម្រាប់អ្នកធ្វើការដែលពឹងផ្អែកតែនៅលើប្រាក់ខែ។
ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនគួរតែគិតគូរពីតម្លៃសមរម្យសម្រាប់ទីផ្សារនេះ ដើម្បីធានានូវការលក់ផ្ទះសម្បែងរបស់ពួកគេ។ ថ្មីៗនេះ ភាគច្រើននៃតម្លៃផ្ទះដែលសមរម្យគឺស្ថិតនៅឆ្ងាយពីទីក្រុង កន្លែងដែលការិយាល័យរបស់ក្រុមហ៊ុនស្ថិតនៅ។ លោកបានចាត់ទុកថា ការធ្វើដំណើរគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យ។
លោកបានបន្តទៀតថា ប្រសិនបើអ្នកមិនមានរថយន្តទេ អ្នកត្រូវតែរង់ចាំរថយន្តក្រុងអស់រយៈពេលយ៉ាងតិច ២ម៉ោងដើម្បីទៅធ្វើការដោយសារតែមានបញ្ហាចរាចរណ៍។ នេះធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង ដោយសារតែពួកគេមិនចង់ទៅរស់នៅតំបន់នោះ។
លោកបានបន្ថែមទៀតថា សម្រាប់បទបញ្ញត្តិនៃការចតរថយន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារខុនដូ (condo) ពិតប្រាកដមែន។
ក្រោមបញ្ញត្តិដែលមានស្រាប់ ខុនដូនីមួយៗត្រូវតែមានកន្លែងចតរថយន្ត ១ទៅ២កន្លែងក្នុងមួយយូនីត។ រាល់ប្រទេស និងទីក្រុងនីមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការកំណត់នូវកន្លែងចតរថយន្តខុសៗគ្នា។ ប៉ុន្តែជាក់ស្តែង ពួកគេអនុញ្ញាតឱ្យអាផាតមិនតូចៗត្រូវបានសាងសង់ឡើងដោយគ្មានកន្លែងចត ឬកន្លែងចតតូចចង្អៀត។
តាមគំនិតរបស់ខ្ញុំ ប្រទេសមីយ៉ាន់ម៉ាគួរតែស្វែងរកវិធីដើម្បីធានាថា អ្នកធ្វើការនៅក្នុងការិយាល័យអាចមានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីទិញផ្ទះសម្រាប់ខ្លួនពួកគេផ្ទាល់។
លើសពីនេះទៀត ប្រទេសនេះត្រូវដោះស្រាយបញ្ហាហិរញ្ញវត្ថុផងដែរ។ ពួកគេមានប្រព័ន្ធធនាគារដ៏ល្អ ប៉ុន្តែអ្វីដែលពួកគេគ្មានគឺការខ្វះនូវបញ្ញត្តិសមស្របមួយសម្រាប់ទទួលបានហិរញ្ញវត្ថុនេះ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រទេសថៃ ផ្ទះដែលមានតម្លៃទាប ប្រហែលជា ៣០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយយូនីត ប៉ុន្តែអ្នកដែលមានប្រាក់ខែពី ៥០០ទៅ១០០០ដុល្លារក្នុងមួយខែអាចទៅខ្ចីធនាគារដើម្បីទិញបាន។
សម្រាប់ធនាគារពាណិជ្ជកម្មមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅមានភាពស្ទាក់ស្ទើរក្នុងការផ្តល់កម្ចីទៅឱ្យអ្នកទិញដោយសារតែមានភាពភ័យខ្លាចខាតបង់។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យផ្តល់កម្ចីនឹងត្រូវគ្រោងឡើង កន្លែងដែលធនាគាពាណិជ្ជកម្មអាចត្រួតពិនិត្យលក្ខណៈហិរញ្ញវត្ថុរបស់អ្នកខ្ចីម្នាក់ៗបាន។
លោកស្រី Kim Chaw Su ប្រធានការិយាល័យហិរញ្ញវត្ថុ KBZ Group បានស្វាគមន៍ចំពោះការផ្លាស់ប្តូររបស់រដ្ឋាភិបាលចំពោះការបង្កើតនូវការិយាល័យកម្ចីនេះឡើង។
លោកស្រីបានបញ្ជាក់ថា ប្រសិនបើយើងមានការិយាល័យផ្តល់កម្ចី យើងចាំបាច់ត្រូវតែធានាថា យើងមានសិទ្ធិពិនិត្យលើលក្ខណៈមួយចំនួន ដែលជាប់ទាក់ទងនឹងជាធនាគារ ឬរាល់ភ្នាក់ងាររួមណាមួយ ហើយខ្ញុំក៏គិតផងដែរថា នឹងមានបញ្ហាមួយចំនួនស្តីពីការទទួលបានព័ត៌មានបែបនេះ។ ជាពិសេសតើយើងដឹងដោយរបៀបណាថា ព័ត៌មានដែលផ្តល់ឱ្យពិតជាព័ត៌មានពិតប្រាកដនោះ?
លោកស្រីបានបន្ថែមទៀតថា «ធនាគារ ដែលប្រមូលព័ត៌មាន នឹងចាំបាច់ត្រូវបញ្ជាក់ព័ត៌មានពីអតិថិជនរបស់ពួកគេផងដែរ»។
លោកស្រីបានកត់សម្គាល់ថា ការកែទម្រង់បញ្ញត្តិបន្ថែមទៀតគឺត្រូវតែធ្វើឡើង។ បទបញ្ញត្តិជាច្រើនជាបទបញ្ញត្តិចាស់ ហើយមានតែបទបញ្ញត្តិមួយចំនួនប៉ុណ្ណោះដែលត្រូវបានធ្វើឱ្យប្រសើរឡើង។ ជាពិសេស បញ្ហាពន្ធ ដែលជាចំណុចសំខាន់សម្រាប់ធនាគារនីមួយៗ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ៕
ដោយ៖ រ័ត្ន