ភ្នំពេញ៖ បុរសជាប្ដីស្ត្រីដែលបានស្លាប់យកសពប្រពន្ធទៅបូជានៅវត្ត គោកបញ្ជន់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បែរជាតាអាចារ្យ និងភ្លុក មិនអនុញ្ញាតិឲ្យប្រមូលធាតុ ខណៈគាត់គ្មានប្រាក់ចំនួន៣០ម៉ឺនរៀលឲ្យបង្គ្រប់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ធ្វើឲ្យប្ដីស្រក់ទឹកភ្នែក អង្វរតាអាចារ្យ និងលើកដៃសំពះដល់ញាតិជិតខាងដើម្បីជួយឧបត្ថម្ភដល់រូបគាត់ បានប្រាក់យកទៅឲ្យតាអាចារ្យយកធាតុមកតម្កល់ និងយកទៅបណ្តែតទឹកតាមទន្លេ។
ករណីនេះក៏បានលេចលឺដល់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកក៏មានសណ្តានចិត្តសប្បុរសធម៌ចេញមុខមកធានាអះអាងជាមួយតាអាចារ្យ ក្នុងការចេញលុយឲ្យ និងឲ្យគាត់ប្រមូលធាតុយកទៅរៀបចំទុកដាក់តាមប្រពៃណី។ លោក យឹម សារ៉ាន់ ក៏បានចុះទៅកាន់ទីនោះផ្ទាល់រួមទាំងចំណាយថវិកាអស់ចំនួន៨០ម៉ឺនរៀល ជូនដល់ការចាត់ចែងបូជាសពដល់ប្ដីសពរងគ្រោះ។
គួររំលឹកថា ស្ត្រីដែលបានស្លាប់នោះគឺគាត់ជាជនពិការជើងទាំង២ ដើរមិនរួចនិងលើសឈាម ក្រោយមកក៏បានស្លាប់ហើយស្ថិតក្នុងជីវភាពក្រខ្សត់ ប្ដីរបស់គាត់ក៏បានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីដោយខ្វះមុខខ្វះក្រោយ សូម្បីតែការបូជា និងថ្លៃមឈូសក៏គ្មានប្រាក់បង់ឲ្យតាអាចារ្យទើបកើតទៅជារឿងបែបនេះ។
ប្ដីគ្រួសារសព និងញាតិជិតខាងបានសម្ដែងនូវការដឹងគុណចំពោះការជួយឧបត្ថម្ភពីលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងមានវត្តមានចុះដល់ទីវត្តគោកបញ្ជន់នេះថែមទៀត ហើយក៏បានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដល់លោកអធិការនិងក្រុមគ្រួសារ ជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕
ដោយ៖ សុខា សែនជ័យ