ខេត្តកំពង់ឆ្នាំង៖ ត្រីគល់រាំង១ក្បាលទម្ងន់៨,៥គីឡូក្រាម និងមានប្រវែង០,៦៥ម៉ែត្រ ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចជំនាញជលផលយកមកលែងចូលដែននេសាទវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនេសាទបាន។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង មានប្រជាពលរដ្ឋឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជូនដំណឹងថា ខ្លួនបាននេសាទត្រីគល់រាំងបាន១ក្បាលដោយប្រើឧបករណ៍លប។ បន្ទាប់ពីទទួលបានដំណឹងនេះលោកបានរាយការណ៍មកជំនាញជលផលដើម្បីយកត្រីនេះលែងចូលដែននេសាទវិញ។
គួរបញ្ជាក់ផងដែរថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយត្រីប្រភេទនេះត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក ២ មាត្រា ១៨ ។ ទន្ទឹមនឹងនេះដែរ យើងបានបង្កើតតំបន់ការពារអន្លុងត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះ ។
ពិសេសជាងនេះប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ និងឆាប់ធំ និងជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឱ្យខាងតែបាន៕ សូរិយា