ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងឱ្យដឹងថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំណូលពន្ធគយក្នុងឆ្នាំ២០២៣នេះ មិនអាចសម្រេចតាមផែនការនោះទេដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបរទេស និងការកើនឡើងនៃការផលិតនៅក្នុងស្រុក។ ខណៈរូបលោកអះអាងថា នេះជាសញ្ញាល្អនៃសេដ្ឋកិច្ចកម្ពុជាខណៈអាចងាយទៅរកការនាំចេញច្រើនវិញនាថ្ងៃអនាគត។
អគ្គនាយរូបនេះ ថ្លែងបន្តថា ចំណូលពន្ធគយក្នុងឆ្នាំ២០២៣ អាចប៉ាន់ប្រមាណបានតែជាង៨២% ប៉ុណ្ណោះនៃផែនការជាតិឆ្នាំ២០២៣ ទោះជាយ៉ាងណាលោកថានេះជាចំណុចល្អនៃការអភិវឌ្ឍន៍ប្រទេស។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តទៀតថា៖ «ជារួមនេះគឺចំណូលពន្ធគយធ្លាក់ ហើយជានិន្នាការដែលអ្នកទាំងអស់គ្នាឃើញមួយផ្នែកថាជាបញ្ហាប្រឈមដោយសារចំណូលគយធ្លាក់ចុះ តែត្រូវមើលមួយជ្រុងទៀតដែរ។ នេះសេដ្ឋកិច្ចកម្ពុជាកើនឡើងតើព្រោះយើងមានផលិតកម្មក្នុងស្រុក»។
លោករដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ការធ្លាក់ចុះចំណូលពន្ធគយដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានធ្វើជាមួយប្រទេសដទៃដែលបានបើកទីផ្សារដល់ផលិតផលកម្ពុជាទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសមានរោងចក្រជាច្រើនបានបង្កើតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោកអគ្គនាយក ក៏បានពន្យល់ថា ផលចំណេញសេដ្ឋកិច្ចរបស់កម្ពុជា ទាក់ទងនឹងការថយចុះចំណូគយនោះគឺកម្ពុជាមិនចំណាយលុយពីបរទេសទៀតនោះទេដោយសារក្នុងស្រុកអាចផ្គត់ផ្គង់គ្រប់គ្រាន់ដែលឱ្យប្រទេសរក្សាចំណូលក្នុងស្រុកមិនឱ្យហូរទៅក្រៅ ខណៈក៏នឹងកំពុងបើកទីផ្សារប្រមូលចំណូលពីក្រៅប្រទេសចូលស្រុកផងដែរដែលនេះជាផលចំណេញ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានជម្រាបជូននិងរំលឹកពីសមិទ្ធផលនិងលទ្ធផល ដែល អគរ បានសម្រេចនាពេលកន្លងមក រួមមាន ការប្រមូលចំណូលចូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព, ការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់, ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តការគយ, និងការអភិវឌ្ឍស្ថាប័ន។
វេទិកាបានផ្សព្វផ្សាយនូវវិធានការនិងការងារចម្បង ដែល អគរ ត្រូវអនុវត្តចំនួន ១២ រួមមាន៖ (១)ការកែ សម្រួលថ្លៃសេវាសាធារណៈ, (២)ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូលផ្ទុកក្នុងកុងតឺន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន, (៣)ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញសាច់បង្កក ស៊ុត និងត្រី, (៤)ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណា-ចក្រកម្ពុជា តាមមធ្យោបាយអេឡិចត្រូនិក (e-Arrival Card), (៥)ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនិងសំអាងដើមកំណើតទំនិញ និងការធ្វើសន្ធានកម្មរវាងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA), (៦)នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, (៧)នីតិវិធីលម្អិត និងភារកិច្ចទទួលខុសត្រូវនូវកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយតាមមធ្យោបាយអេឡិចត្រូនិក, (៨)នីតិវិធីកញ្ចប់បញ្ញើរហ័ស កញ្ចប់ប្រៃសណីយ៍ និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, (៩)ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, (១០)ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងការកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ ធុរជនល្អបំផុត (Best Traders), (១១)ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូ, និង (១២)ការកែសម្រួលអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
អគរ សង្ឃឹមយ៉ាងមុតមាំថា សមាគមធុរកិច្ច ធុរជន ជើងសាគយ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត អាចជ្រាបពីវិធានការថ្មីទាំងនេះ ព្រមទាំងត្រៀមខ្លួនទុកជាមុនក្នុងការចូលរួមអនុវត្តវិធានការនានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរកិច្ចក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងទាញយកផលប្រយោជន៍ជាអតិបរមាពីវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ សម្រាប់ការបំពេញធុរកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ ក្រោយពីវេទិកាផ្សព្វផ្សាយបានបញ្ចប់លោករដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី បានឆ្លើយតបនឹងសំណួររបស់បណ្ដាញសារព័ត៌មានពាក់ព័ន្ធនឹងការងាររបស់ អគរ មួយចំនួន ដែលរួមមាន ស្ថានភាពនៃការប្រមូលចំណូល, វិធានការទប់ស្កាត់ការលួចនាំចូលសាច់បង្កកដោយខុសច្បាប់, និងវិធានការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ជាដើម និងបានស្នើឱ្យបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយបន្តនូវខ្លឹមសារនៃវេទិកាផ្សព្វផ្សាយនាឱកាសនេះដល់សាធារណជនឱ្យបានកាន់តែទូលំទូលាយ៕ដោយ៖ស តារា