សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគគឺពិតជាសំខាន់ណាស់ ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់យើង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងថា ទិន្នន័យគឺសំខាន់ណាស់ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់យើង ពោលគឺផែនទីអោយយើងដឹងអំពីស្ថានភាពភូមិសាស្ត្រដែលមិនសំដៅតែភូមិសាស្រ្តនៅលើដីនោះទេ ប៉ុន្តែក៏សំដៅលើភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច ភូមិសាស្រ្តធុរកិច្ច ដើម្បីអោយដឹងថា តើថាស្ថានភាពភូមិសាស្រ្តនៅជុំវិញយើងមានលក្ខណៈបែបណា។ ចំណែកឯត្រីវិស័យធ្វើអោយយើងដឹងថាយើងនៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការប្រើទិន្នន័យក្នុងការវិភាគនេះនៅលើពិភពលោកគឺប្រើ បើគ្មានទិន្នន័យយើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយដែលអាចងាយស្រួលក្នុងការវង្វេងរង្វាន់ ពោលគឺមិនអាចដឹងថាស្ថានភាពនៅជុំវិញយ៉ាងណា ឬក៏អាចព្យាករណ៍ថា ទៅមុខមានអី តើយើងដើរដល់កន្លែងណា ហើយទៅដល់កន្លែងណាទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print