ខេត្តក្រចេះ ៖ សមិទ្ធផលថ្មីមួយទៀត! របស់ខេត្តក្រចេះ គឺគម្រោងសាងសង់ផ្លូវភ្លោះចាប់ពីរង្វង់មូលព្រាប ស សង្កាត់ក្រចេះ ដល់រង្វង់មូលខ្លាស្ទុះ សង្កាត់អូរឫស្សី កំពុងតែដំណើរការសាងសង់។ ពេលផ្លូវមួយខ្សែនេះរួចរាល់ នឹងកាន់តែលើកសោភ័ណភាពខេត្តក្រចេះ យើងឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។ អាជ្ញាធរដែនដី សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមសហការ និងយោគយល់អធ្យាស្រ័យ។
សូមរម្លឹកថា៖ ខេត្តក្រចេះ សម្បូរទៅដោយធម្មជាតិចម្រុះជាច្រើនកន្លែង ជាពិសេស សត្វផ្សោតទន្លេមេគង្គ ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក្រចេះ ក៏បានជំរុញលើការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានក្នុងខេត្តសរុប ២១កន្លែងផងដែរ។
ខេត្តក្រចេះ មានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម ចំណែកខាងលិចជាប់កំពង់ចាម និងកំពង់ធំ។ បច្ចុប្បន្ន ខេត្តក្រចេះ មាន តំបន់ទេសចរណ៍ទាំង២១កន្លែង រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ៦កន្លែង, រមណីយដ្ឋានធម្មជាតិចំនួន ១១កន្លែង, រមណីយដ្ឋានវប្បធម៌ធម្មជាតិ ១កន្លែង និង វប្បធម៌កែច្នៃចំនួន ៣ កន្លែង។ តំបន់ទេសចរណ៍ទាំងនោះមានដូចជា វត្តសសរ១០០, អន្លង់ផ្សោតកាំពី, ឆ្នេរកោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះផ្តៅ, សហគមន៍អេកូទេសចរណ៍កោះសាមសិប, ភ្នំសុពណ៌កាឡី, សហគមន៍អេកូទេសចរណ៍ជួរតាចោរ ក្រហមក និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ព្រៃគគីភ្នំព្រះ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត ៕