សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នៅសល់ ៤ ថ្ងៃទៀត ទំនាក់ទំនងកម្ពុជា-ជប៉ុននឹងឈានដល់ឆ្នាំទី៧១

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ខួបទី៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ។ នេះមិនមែនបានន័យថា «ដាច់ឆ្នាំ ដាច់ទំនាក់ទំនងនោះទេ» ប៉ុន្តែបើយើងមើលមួយជ្រុងទៀត ចំណងមិត្តភាពកម្ពុជា-ជប៉ុន នឹងឈានចូលដល់ឆ្នាំទី៧១ ដែលមានន័យថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តទៅមុខជារៀងរហូត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី បានថ្លែងបន្តថា ការដាច់ឆ្នាំចាស់នេះ បង្ហាញពីការបិទបញ្ជីសម្រាប់ខួប ៧០ឆ្នាំ ប៉ុន្តែវាក៏បង្ហាញពីការបើកបញ្ជីច្រើនណាស់នៅក្នុងឆ្នាំថ្មី ដែលជាមុខព្រួញសម្រាប់កិច្ចការងារបន្ត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបន្តទៅមុខ ជាពិសេសគម្រោងយុទ្ធសាស្ត្រជាច្រើនទៀត ក្នុងគោលដៅពង្រឹង និងតភ្ជាប់សេដ្ឋកិច្ចជាតិកម្ពុជា-ជប៉ុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print