ការបង្ហាញទម្រង់លេងដ៏អស្ចារ្យបានធ្វើឲ្យក្រុមម្ចាស់ផ្ទះ Brighton យកឈ្នះ Tottenham ក្នុងលទ្ធផល ៤ទល់២ នៅ Premier League នៅកីឡដ្ឋាន Amex កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ធ្នូនេះ ខណៈដែលម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក៏រងបរាជ័យដូចគ្នាក្រោមថ្វីជើងក្រុមភ្ញៀវ West Ham។
Spurs បានគ្រប់គ្រងបាល់បានច្រើនក្នុងការប្រកួតដំបូង ប៉ុន្តែក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខ២គ្រាប់នៅតង់ទី១ នៅពេលដែលកីឡាករវ័យជំទង់ Jack Hinshelwood រកបាន១គ្រាប់នៅនាទីទី១១ បន្ទាប់ពីការបញ្ជូនរបស់ Joao Pedro។
កីឡាករ Pedro រកបានគ្រាប់បាល់ទី២នាំមុខពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២៣ បន្ទាប់ពី Dejan Kulusevski បានទាញDanny Welbeck នៅតំបន់គ្រោះថ្នាក់។
ក្រុម Brighton បន្តស៊ុតចំគោលដៅ ដោយ James Milner ស៊ុតបុក បង្គោល ទី ហើយ Facundo Buonanotte រកបាន១គ្រាប់ប៉ុន្តែជាបាល់ offside។ Spurs មិន បាន ស៊ុត ចំគោលដៅ ក្នុង តង់ ទី១ ទេ ប៉ុន្តែ បាន ប្រសើរ ឡើង នៅ ក្នុង វគ្គ ទី ពីរ ដោយRicharlison បានស៊ុតចំគោលដៅ២ដង តែ ត្រូវ បានច្រានចោល ក្នុង បាល់ Offside ដដែល។
ទោះជាយ៉ាងណាក៏ដោយ Brighton បាននាំមុខគ្រាប់ទី៣ពីការស៊ុតរបស់ Pervis Estupinan នៅនាទីទី៦៣ ហើយ Pedro ដដែលបានបន្ថែមគ្រាប់បាល់ទី៤ ពីការស៊ុតបាល់ប៉េណាល់ទី។
ក្រុម Tottenham បានព្យាយាមវាយសម្រុករហូតដល់រកបាន២គ្រាប់តាមពីក្រោយ ដោយគ្រាប់ទី១រកបានដោយ Alejo Veliz នៅនាទីទី៨១ និងគ្រាប់បាល់ទី២រកបានដោយ Ben Davies នៅនាទីទី៨៥ ធ្វើឲ្យចប់ការប្រកួតម្ចាស់ផ្ទះ Brighton ឈ្នះTottenham ៤ទល់២។
ចំណែក West Ham វិញបានធ្វើឱ្យ Arsenal ភ្ញាក់ផ្អើលក្នុងការកត់ត្រាជ័យជម្នះជាលើកទី៣ជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League ដោយធ្វើឱ្យការប្រជែងដណ្តើមពានរបស់ក្រុមកាំភ្លើងធំនៅក្នុងដំណើរការនេះ។
នេះគឺជាការបង្ហាញដ៏ល្អមួយសម្រាប់ West Ham ដែលស៊ុតបញ្ចូលទីចំនួន២គ្រាប់ក្នុងចំណោមការស៊ុតចំនួន៣គ្រាប់របស់ពួកគេខណៈដែលក្រុម Arsenal បានខ្ជះខ្ជាយឱកាសជាច្រើន ធ្វើឲ្យខកខានឱកាសដើម្បីឈានទៅឈរកំពូលតារាង។
កីឡាករ Tomas Soucek របស់ West Ham ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទីទី១៣ ពីការកាត់ បាល់របស់កីឡាករJarrod Bowen។ នោះបានធ្វើឱ្យក្រុម West Ham នាំមុខមុនក្នុងតង់ទី១ ហើយនៅតង់ទី២រកក្រុមភ្ញៀវរកបាន១គ្រាប់បន្ថែមទៀតដោយអតីតខ្សែការពារកណ្តាលរបស់ Arsenal កីឡាករ Konstantinos Mavropanos បានតែតបញ្ចូលទីនៅនាទីទី៥៥។
ក្រុមញញួរធំក៏មានឱកាសរកបាន១គ្រាប់ទៀតនៅម៉ោងបន្ថែមដោយបាល់ប៉េណាល់ទី ប៉ុន្តែត្រូវបានអ្នកចាំទី David Raya របស់ Arsenalរារាំងបាន ដែលការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Said Benrahma នៅនាទីទី៩០+៦។
លទ្ធផលនេះបានធ្វើឱ្យក្រុមកាំភ្លើងធំរបស់លោក Mikel Arteta ឈរនៅលេខរៀងទី២ ក្នុងតារាង ដោយមាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ខណៈដែលក្រុម West Ham ឈរលេខ៦មាន៣៣ពិន្ទុ ដែលជាចំនួនសរុបខ្ពស់បំផុតរបស់ក្រុមនៅដំណាក់កាលពាក់កណ្តាលនៃយុទ្ធនាការ Premier League ។ ដោយឡែកជ័យ ជម្នះ របស់ Brighton បានឡើងឈរ ពីលើNewcastle ទៅ លេខ ៨ ខណៈ Spurs ស្ថិត នៅ លេខ ៥ ដោយ មាន ពិន្ទុ តាម ពី ក្រោយ ក្រុម លេខ ៤ Manchester City ១ពិន្ទុ ៕ (រូបភាព ៖ BBC Sport)