អ្នកចាំទី Hugo Lloris របស់ក្រុមមាន់ខ្នាយមាស Tottenham កំពុងពិភាក្សាដើម្បីចូលរួមជាមួយក្រុម Los Angeles FC ក្នុងលីកកំពូលអាមេរិក Major League Soccer លើការផ្ទេរដោយមិនមានតម្លៃខ្លួនដោយបញ្ចប់ការស្នាក់នៅរយៈពេល១១ឆ្នាំនៅក្លិបភាគខាងជើងទីក្រុងឡុងមួយនេះ។
Lloris ខិតជិតចាកចេញពី Spurs នៅរដូវក្តៅ ហើយកំពុងពិភាក្សាជាមួយ Lazio ប៉ុន្តែកិច្ចព្រមព្រៀងមិនត្រូវបានបញ្ចប់ទេ។កីឡាករវ័យ៣៧ឆ្នាំរូបនេះបាននៅពីក្រោយ Guglielmo Vicario និង Fraser Forster ហើយមិនបានលេងចាប់តាំងពីការចាញ់៦–១ ក្រោមថ្វីជើងក្រុម Newcastle កាលពីខែមេសា។
គាត់បានបង្ហាញខ្លួន៤៤៧ប្រកួតឱ្យ Spurs ចាប់តាំងពីផ្ទេរពី Lyon កាលពីឆ្នាំ២០១២។ អតីតកីឡាករជម្រើសជាតិបារាំងដែលហៀបនឹងឈានចូលដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់បានបង្ហាញពីបំណងចង់ចាកចេញពី Tottenham នៅរដូវក្តៅ ហើយក៏ត្រូវបានចាកចេញពីក្លិបទៅលេងមុនរដូវកាលនៅអូស្ត្រាលី និងចុងបូព៌ា។
Lloris បានរក្សា Clean Sheet ១៥១ដងក្នុងអំឡុងពេលរបស់គាត់នៅក្លិបភាគខាងជើងទីក្រុងឡុង ហើយជាផ្នែកមួយនៃក្រុមTottenham ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Mauricio Pochettino។
អតីតអ្នកចាំទី Nice រូបនេះត្រូវបានតែងតាំងជាប្រធានក្រុមដោយលោក Pochettino កាលពីឆ្នាំ២០១៥ មុនពេលត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Son Heung-min ក្នុងខែសីហា។ គាត់ក៏ជាផ្នែកមួយនៃក្រុមបារាំងដែលបានឈ្នះ World Cup 2018 និងបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងខែមករាដោយបានក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតរបស់ប្រទេសជាមួយនឹងការបង្ហាញខ្លួនជាអន្តរជាតិចំនួន១៤៥លើក ៕ (រូបភាព ៖ BBC Sport)