ភ្នំពេញ៖ បុរសម្នាក់ដែលសារភាពថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានសន្និដ្ឋានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ព្រោះករណីនេះជាការរៀបចំទុកជាមុន ។ ទោះបីយ៉ាងណា ការសម្រេចចោទប្រកាន់ផ្លូវការ ជាសមត្ថកិច្ចរបស់តុលាការ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបរបរជាកម្មករចំការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ ។ ប៉ុន្តែសមត្ថកិច្ច មិនទាន់ជឿថា ជនសង្ស័យឈ្មោះ ជួប សម្លាប់ នោះទេ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
ដោយ៖ សហការី