ភ្នំពេញ៖ សន្តិសុខយាមភូមិម្នាក់បានរងរបួសក្បាល ខណៈចូលទៅឃាត់ប្តីប្រពន្ធមួយគូដែលកំពុងតែរៀបបើកឆាកប្រយុទ្ធគ្នា ហើយក្រោយពេលដែលប្ដីប្រពន្ធនោះបានវាយក្បាលសន្តិសុខចំនួនមួយខ្ទះឆា រួចក៏នាំគ្នាទៅសម្ងំដេកក្នុងផ្ទះស្ងាត់សូន្យឈឹងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងដែលកំពុងសាងសង់ នៃអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានប្ដីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នាដោយប្រពន្ធកាន់កាំបិត ចំណែកប្ដីកាន់ខ្ទះឆា ហើយបានស្រែកទាស់ទែងគ្នាដោយគំរាមថានឹងដុតផ្ទះរបស់ខ្លួនចោល ជាហេតុធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះមានការភ័យព្រួយខ្លាចមានករណីដុតផ្ទះឆាបឆេះឆ្លងរាលដាលដល់ផ្ទះរបស់ពួកគាត់។ ពេលនោះបងប្អូនអ្នកជិតខាង រួមជាមួយសន្តិសុខម្នាក់ក៏បាននាំគ្នាចូលទៅឃាត់ប្ដីប្រពន្ធនោះនិងធ្វើការសម្របសម្រួល ហើយបានដណ្ដើមកាំបិតនិងខ្ទះឆាពីដៃរបស់ប្ដីប្រពន្ធនោះ។ ពេលដែលសន្តិសុខទៅដណ្ដើមកាំបិតនិងខ្ទះ ស្រាប់តែប្ដីបានយកខ្ទះឆានោះវាយក្បាលសន្តិសុខនោះរងរបួស ហើយប្ដីប្រពន្ធនោះក៏បាននាំគ្នាទៅសម្ងំដេកក្នុងផ្ទះបាត់ទៅ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានមកដល់ទីតាំងកើតហេតុ ហើយទោះបីប្រឹងព្យាយាមហៅឱ្យប្ដីប្រពន្ធចេញមកខាងក្រៅយ៉ាងណាក៏ពួកគាត់មិនព្រមបើកទ្វារចេញមកខាងក្រៅដែរ ។ ដូច្នេះហើយទើបកម្លាំងសមត្ថកិច្ចរង់ចាំធ្វើការដោះស្រាយនៅព្រឹកថ្ងៃទី 3 ខែមករាឆ្នាំ 2023 នេះតាមសន្តិវិធី៕