ក្រុមហ៊ុន AP Honda អ្នកចែកចាយក្នុងស្រុករបស់ក្រុមហ៊ុន Honda Motorcycles នៅប្រទេសថៃនៅតែមានសុទិដ្ឋិនិយមចំពោះការលក់ដោយរំពឹងថានឹងឈានដល់ គោលដៅដែលបានកំណត់១,៣៥លានគ្រឿងក្នុងឆ្នាំនេះបើទោះបីជាការលក់ធ្លាក់ចុះនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំនេះក៏ដោយ។
លោក Suchart Arunsaengroj នាយកផ្នែកលក់របស់ក្រុមហ៊ុននេះបានមាន ប្រសាសន៍ថា ក្រុមហ៊ុនរំពឹងថាការលក់នៅក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះនឹងឈានដល់គោលដៅដែលបានកំណត់ដោយសារតែមានការងើបឡើងនៃសេដ្ឋកិច្ចនៅក្នុងប្រទេសនិងភាពប្រសើរឡើងនៃអំណាចទិញរបស់អ្នកប្រើប្រាស់។
លក្ខខណ្ឌគ្រោះរាំងស្ងួតក៏ត្រូវបានកាត់បន្ថយដែរ ខណៈដែលតម្លៃកសិកម្មកំពុងតែកើនឡើងនោះ។
ក្រុមហ៊ុននេះបានបន្ថែមទៀតថាការ លក់មានចំនួនសរុបចំនួន ៧២០.០០០គ្រឿង នៅក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា ពោលគឺធ្លាក់ចុះ៣ភាគរយបើធៀបនឹងឆ្នាំមុន។
ទីផ្សារម៉ូតូមានកម្រិតថេរគឺ៩១០.០០០គ្រឿងនៅពាក់កណ្តាលទី១ នៃឆ្នាំនេះ។
លោក Suchart បានព្យាករថា ទីផ្សារទាំងមូលនេះនឹងស្ថិតក្នុងកម្រិតថេរពោលគឺមាន១,៦៨លានគ្រឿងពេញមួយឆ្នាំនេះ។
ក្រុមហ៊ុនក៏បានលើកឡើងទៀតថា ការលក់ម៉ូតូដាច់ច្រើនជាងគេគឺនៅក្នុងឆ្នាំ ២០១៣ដោយមានចំនួន ១,៤៩លានគ្រឿង ពោលគឺកើនឡើង០,៥ភាគរយបើធៀប នឹងឆ្នាំ២០១២ ប៉ុន្តែការលក់ធ្លាក់ចុះវិញនៅក្នុងឆ្នាំ២០១៤ មកនៅត្រឹម១,៣៦លានគ្រឿង ហើយកាលពីឆ្នាំមុនមានចំនួន ១,៣៥លានគ្រឿង។
លោក Suchart បានបន្ថែមទៀតថា ទីផ្សារម៉ូតូធំមានសកម្មភាពល្អពោលគឺបានលក់អស់ចំនួន១២.០០០គ្រឿងក្នុងពាក់ កណ្តាលទី១នៃឆ្នាំនេះ។សម្រាប់តែម៉ូតូ ធំរបស់ក្រុមហ៊ុន Honda គឺកើនឡើង ៣៨ភាគរយដល់ចំនួន៤.៥០០គ្រឿង។
លោកបានព្យាករថា ក្រុមហ៊ុននេះនឹងលក់ម៉ូតូធំចំនួន១០.០០០គ្រឿងក្នុងឆ្នាំនេះពោលគឺកើនឡើង៤៥ភាគរយបើធៀបនឹងឆ្នាំមុន។
ខណៈនោះដែរក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលបង្រៀនបើកបរប្រកបដោយសុវត្ថិភាពនៅឈៀងម៉ៃ និងភូកេត ក្នុងខែនេះបន្ទាប់ពីបានបោះការវិនិយោគចំនួន៦០០លានបាត កន្លងមក។
លោក Alaksh Phornprapha នាយក កិច្ចការខាងក្រៅរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា មជ្ឈមណ្ឌលថ្មីទាំងនោះរួម ជាមួយមជ្ឈមណ្ឌលចាស់ចំនួន២ដែលនៅក្នុងទីក្រុងបាងកក និងសាមុតប្រាកាន នោះនឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាអ្នកជំរុញការបើកបរប្រកបដោយសុវត្ថិភាពឈានមុខ គេនៅក្នុងតំបន់អាស៊ាន។ មជ្ឈមណ្ឌលនេះមានបង្រៀនការបើកបរប្រកបដោយសុវត្ថិភាពសម្រាប់ម៉ូតូ និងរថយន្តដែលស្របតាមបទដ្ឋានរបស់មជ្ឈមណ្ឌល Honda នៅក្នុងប្រទេសជប៉ុន៕
ដោយ៖ រ័ត្ន