អាមេរិកនិងហ្វីលីពីនធ្វើសមយុទ្ធ ទាហានជើងទឹក ចិនបញ្ចេញនាវាទៅកាន់តំបន់សមុទ្រចិនខាងត្បូង
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤បានឱ្យដឹងថា ចិនបាននិយាយថា កងទ័ពជើងទឹកនិងអាកាសរបស់ខ្លួនបានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាការល្បាតមួយធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិកនិងហ្វីលីពីន កំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែនទឹកជម្លោះ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កងទ័ពរំដោះប្រជាជនចិន PLA បានបញ្ជាក់ថា ប្រតិបត្តិការល្បាតរបស់ខ្លួនធ្វើឡើងតាមទម្លាប់ធម្មតា ដែលចាប់ផ្ដើមពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងគោលបំណងការពារដាច់ខាតនូវអធិបតេយ្យ ព្រមទាំងសន្តិសុខ សិទ្ធិ និងផលប្រយោជន៍របស់ចិន។ PLA បន្ថែមថា កងទ័ពរបស់ខ្លួនក៏កំពុងប្រុងជើងការខ្ពស់ផងដែរ និងបានត្រៀមលក្ខណៈជាស្រេចដើម្បីទប់ស្កាត់រាល់សកម្មភាពយោធា ទាំងឡាយណាដែលអាចបង្កជាជម្លោះនិងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែ PLA មិនបានឱ្យដឹងថា តើការល្បាតសមុទ្រត្រូវធ្វើនៅទីណា ឬក៏ថាតើមានប្រភេទយន្ដហោះចម្បាំង ឬនាវាចម្បាំងណាខ្លះចូលរួមនោះឡើយ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិកនិងហ្វីលីពីនក៏បានចាប់ផ្ដើមធ្វើសមយទ្ធសមុទ្ររួមគ្នាជាលើកទី២ ក្នុងរយៈពេលមិនដល់ ២ខែស្រួលបួលផងនៅសមុទ្រចិនខាងត្បូងផងដែរ។ ហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំង៤គ្រឿង ឧទ្ធម្ភាគចក្រមានមុខងារច្រើនមួយគ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកមួយគ្រឿង ឱ្យចូលរួមជាមួយនាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿង នាវាពិឃាត២គ្រឿងនិងយន្ដហោះចម្បាំងជាច្រើនរបស់សហរដ្ឋអាមេរិក៕ ដោយធីរីណា
រូបថត: VOV.VN