ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង និងតំបន់អ៊ឺរ៉ុប បានចេញវីដេអូគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង និងតំបន់អ៊ឺរ៉ុប បានលើកឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វីសនាពេលខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។
ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ រំពឹងថា តាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង និងស្វីសនេះ នឹងទទួលបានផ្លែផ្កា និងផលប្រយោជន៍ជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសបារាំងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤នេះ ខាងមុខនេះហើយបន្ទាប់មកសម្តេច នឹងអញ្ជើញបន្តដំណើរទៅកាន់ប្រទេសស្វីសដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។
តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ដំណើរទស្សនកិច្ចនេះ ក៏នឹងបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលកំពុងប្រឈមមុខផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង
ជូនភ្ជាប់សារលិខិតរបស់ លោកប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញេីជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី (បកប្រែក្រៅផ្លូវ)
ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់
ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។
ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។
ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។
សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។
“សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ” ៕