ភ្នំពេញ÷ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ គឺខួបអាពាហ៍ពិពាហ៍ ៤៨ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយ ដោយសារតែកាលនោះ គឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត គឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតស៊ូរួមគ្នាឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហម។ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។
ខាងក្រោមនេះ ជាប្រវត្តិសេ្នហារវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
ស្នេហារវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺផ្តើមចេញពីការផ្សំផ្គុំគ្នាដោយយុទ្ធជនជាច្រើននាក់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីមុនជាគ្រូពេទ្យនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយសម្តេចតេជោ បានក្លាយជាមេបញ្ជាការចូលក្នុងចលនាតស៊ូរំដោះជាតិ។ ស្នេហារវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺសម្តេចតេជោ ជាអ្នកផ្តើមមុនគេ ពោលគឺឃើញភ្លាមស្រឡាញ់ភ្លាមតែម្តង ទើបជំរុញឱ្យសម្តេចប្តេជ្ញាយកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាភរិយាទាល់តែបាន។
សម្តេចតេជោ កាលពីមុនមានឈ្មោះដើមថា ហ៊ុន ណាល់ ហើយសម្តេចក៏បានប្តូរឈ្មោះមកជា ហ៊ុន សំរេច (ដែលកាលនោះសម្តេចត្រូវបានគេថា ជាមេបញ្ជាការសំរេច) ហើយក៏ប្តូរមកម្តងទៀតជា ហ៊ុន សែន វិញ ដើម្បីលាក់អត្តសញ្ញាណពិតប្រាកដដើម្បីរត់ចូលព្រៃតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី» ក៏មានឈ្មោះដើមថា «ប៊ុន សាំងហ៊ាង»។ សម្តេចតេជោ បានសារភាពស្នេហ៍ទៅអ្នកគ្រូពេទ្យ រ៉ានី នៅខែសីហា ឆ្នាំ១៩៧៤។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ មេបញ្ជាការសំរេច បានរងរបួសធ្ងន់ធ្ងរដែលបណ្តាលឱ្យពិការភ្នែកខាងឆ្វេង។ ក្រោយពីប្រជាជន ជាច្រើនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញក្នុងសម័យប៉ុល ពត គ្រូពេទ្យ រ៉ានី ក៏បានផ្លាស់ពីមន្ទីរពេទ្យស្រុកក្រូចឆ្មារ មកជាប្រធានមន្ទីរពេទ្យស្រុកមួយទៀតនៅក្នុងឃុំឈូក ស្រុកក្រូចឆ្មា។ ជាមួយគ្នានេះ អង្គការភ្នែកម្ចាស់បានបង្គំឱ្យមេបញ្ជាការ សំរេច រៀបការជាមួយនារីផ្សេង ហើយគ្រូពេទ្យ រ៉ានី ក៏ត្រូវបានបង្គំឱ្យរៀបការជាមួយបុរសផ្សេងផងដែរ។ ទាំងមេបញ្ជាការ សំរេច និងគ្រូពេទ្យ រ៉ានី គឺសុទ្ធតែប្រកែក និងជំទាស់មិនរៀបការឡើយ។ មេបញ្ជាការ សំរេច ក៏បានស្នើទៅអង្គការសុំរៀបការជាមួយគ្រូពេទ្យ រ៉ានីម្តងទៀត។
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦ មេបញ្ជាការ សំរេច និងគ្រូពេទ្យ រ៉ានី ក៏បានរៀបការជាមួយគ្នា ដំណាលនឹងនារី និងយុទ្ធជនពិការចំនួន ១២គូទៀត។ ក្រោយរៀបការភ្លាម អង្គការក៏បានបំបែកភរិយាចេញពីមេបញ្ជាការ សំរេច រហូតរយៈពេល ២ខែ ទើបតែមេបញ្ជាការ សំរេច មានជំងឺភ្នែករើឡើងវិញ និងត្រូវវះកាត់យកគ្រាប់ភ្នែកចេញ ទើបបានជួបគ្រូពេទ្យ រ៉ានី ហើយក៏ទើបតែដឹងថាភរិយាមានផ្ទៃពោះផងដែរ។
នៅចុងខែតុលា ឆ្នាំ១៩៧៦ គ្រូពេទ្យ រ៉ានី បានឆ្លងទន្លេ ខណៈមេបញ្ជាការ សំរេច មិននៅក្បែរដោយសារត្រូវប្រធានយោធារថ្មីតម្រូវឱ្យចុះត្រួតពិនិត្យតាមបណ្តោយខ្សែព្រំដែនកម្ពុជា-វៀតណាម និងការគូចម្លងផែនទី។
នាព្រឹកថ្ងៃបន្ទាប់ មេបញ្ជាការ សំរេច បានទៅសួរសុខទុក្ខភរិយាដែលទើបតែសម្រាលកូននៅមន្ទីរពេទ្យ ប៉ុន្តែជាអកសុលទារកនោះត្រូវបានស្លាប់ដោយសារតែគ្រូពេទ្យបីរបូតចេញពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅលើដី។ មេបញ្ជាការសំរេច បានយកក្រមារុំសពទារកនោះទាំងទឹកភ្នែក និងក្តីឈឺចាប់ ហើយក៏បានស្នើឱ្យខាងមន្ទីរពេទ្យយកសពទារកនោះទៅកប់ អមជាមួយក្រដាសសរសេរថា «កំសត់» ដាក់ក្នុងកូនដប។
ក្នុងអំឡុងចុងខែមករា ឆ្នាំ១៩៧៧ អ្នកគ្រូពេទ្យ រ៉ានី ក៏ចាប់ផ្តើមមានផ្ទៃពោះសារជាថ្មី ដែលជាកំណើត សម្តេច ហ៊ុន ម៉ាណែត។ ការមានផ្ទៃពោះជាលើកទី២នេះ បានធ្វើឱ្យឪពុកមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះក្នុងអំឡុងចុង ខែកុម្ភៈ ឆ្នាំ១៩៧៧ មេបញ្ជាការ សំរេច បាននាំភរិយាទៅពេទ្យយោធារតំបន់ដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ដែលជាកន្លែងភរិយាធ្វើការវិញ ដោយបែកគ្នាលើកនេះ គឺជាបែកដោយមេបញ្ជាការ សំរេច ជាអ្នករៀបចំ តែបែកគ្នាលើកមុន គឺអង្គការជាអ្នកបំបែក។
មេបញ្ជាការ សំរេច បែកភរិយាលើកនេះ គឺដើម្បីរៀបចំផែនការត្រៀមវាយកម្ទេចពួកប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ទារក ហ៊ុន ម៉ាណែត បានកើតមក ដោយជីដូនជីតា ឪពុកធំ ម្តាយធំ ម្តាយមីង បងប្អូនជីដូនមួយរស់នៅជាមួយ នឹងជួយមើលថែទាំ។
រហូតដល់ថ្ងៃជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលថ្ងៃដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃនៃការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា ទើបមេបញ្ជាការ សំរេច បានជួបភរិយាវិញនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ពោលគឺបែកគ្នារយៈពេល ២ឆ្នាំ ទើបបានជួបជុំគ្រួសារវិញ។
ក្រោយទទួលបានជ័យជំនះ ៧មករា សម្តេចតេជោ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា (សម្តេចតេជោ ហ៊ុន សែន) បានមកជួបជុំភរិយា និងក្រុមគ្រួសារវិញ។ បន្ទាប់ពីបានជួបជុំគ្រួសាររយៈពេល ២ខែ ភរិយារបស់រដ្ឋមន្ត្រីការបរទេស ក៏ចាប់ផ្តើមពពោះកូនម្នាក់ទៀត ប៉ុន្តែជាអកុសល ភរិយាក៏បានរលូតកូនដោយសារធ្វើកិច្ចការងារធ្ងន់ ពោលគឺការយួរទឹកពីក្រោមផ្ទះឡើងលើផ្ទះ ដោយរដ្ឋមន្ត្រីការបរទេសប្រញាប់ទៅធ្វើការ ដោយមិនបានដងទឹកពីក្រោមយកមកលើផ្ទះ ដោយភរិយាជាអ្នកធ្វើដោយខ្លួនឯង ពីព្រោះនៅសម័យនោះ ភ្នំពេញពុំមានទឹកម៉ាស៊ីនប្រើប្រាស់ឡើយ។
ទោះបីជាសម្ដេចតេជោនូវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឆ្លងកាត់ការលំបាកជាច្រើនក្ដី ក៏ប៉ុន្តែសម្ដេចទាំងទ្វេរមិនបះបង់ចោលគ្នាឡើយ។
សម្ដេចតេជោ បានធ្វើខ្លួនជាប្ដីដ៏ល្អម្នាក់ថែរក្សាគាំពារផ្គត់ផ្គង់គ្រួសារខណៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើជាភរិយាដ៏ល្អ មើលថែបុត្រភ្ងា គ្រប់គ្រងគ្រួសារ និងគាំទ្រ នោពីក្រោយប្ដីឲ្យមានភាពជោគជ័យក្នុងការងារ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន ដោយជានាយករដ្ឋមន្ត្រីដែលបម្រើការយូរជាងគេម្នាក់ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោក។
គិតមកដល់សព្វថ្ងៃនេះ សម្តេចទាំងទ្វេមានកូនប្រុសស្រីចំនួន ៥នាក់ ក្នុងនោះ មាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាកូនច្បង បន្ទាប់មកកូនទី២ លោកជំទាវ ហ៊ុន ម៉ាណា កូនទី៣ គឺឯកឧត្តម ហ៊ុន ម៉ានិត កូនទី៤ គឺឯកឧត្តម ហ៊ុន ម៉ានី និងកូនទី៥ គឺលោកជំទាវ ហ៊ុន ម៉ាលី។ បច្ចុប្បន្នសម្តេចទាំងទ្វេមានចៅប្រុស-ស្រីជាង ២០នាក់។
ចំណងស្នេហ៍ដ៏រឹងមាំនេះ បានធ្វើឱ្យសម្ដេចតេជោសរសេរនៅលើហ្វេសបុកផេក របស់សម្ដេចកាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិននឹកស្មានថា អាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកក្នុងសម័យសង្គ្រាមសម័យខ្មែរក្រហមនិងក្រោយខ្មែរក្រហម។
សម្ដេចទាំងពីរក៏មិនបានគិតថា មានកូននិងចៅចំនួនច្រើនដូចសព្វថ្ងៃនេះដែរ។
សម្ដេចបានបង្ហាញមេរៀននៃក្ដីស្រឡាញ់របស់សម្ដេច និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិតថា៖ «រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់ យោគយល់ឲ្យគ្នាឬអត់? បែកបាក់ឬស្ថិតស្ថេរ ស្ថិតនៅលើចំណុចនេះហើយ»៕