កូនវាយម្ដាយនឹងធ្វើឱ្យខូចខាតសម្ភារៈម្ដាយច្រើនលើកច្រើនសារទ្រាំពុំបានប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល: កូនតិរច្ឆានម្នាក់ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានវាយធ្វើបាបម្ដាយបង្កើតខ្លួនឯងច្រើនលើកច្រើនសានិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន ធ្វើឱ្យម្ដាយទ្រាំពុំបានរត់ទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូន។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សំអូន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល  (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ)។ ចំណែកជនសង្ស័យឈ្មោះ ខា សុខឃៀង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន ហើយឈានដល់ការប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះជាម្តាយបង្កើតជាច្រើនដង ។ បន្ទាប់មកបានសមត្ថកិច្ចកោះហៅជនសង្ស័យទៅធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង។ បន្ទាប់ពីធ្វើកិច្ចសន្យារួចឱ្យត្រឡប់មកដល់ផ្ទះវិញជនសង្ស័យមិនព្រមកែខ្លួនទេ ហើយបានសេពគ្រឿងញៀន និងប្រើប្រាស់អំពើហិង្សាមកលើជនរងគ្រោះដដែល។ លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះកំពុងនៅផ្ទះអ្នកជិតខាងឈ្មោះ ស្រ៊ុន ស្រាប់តែកុមារីឈ្មោះ ចាន់ណា បានមកប្រាប់ជនរងគ្រោះថា យាយៗពូឃៀងគាស់ទ្វារផ្ទះរបស់យាយហើយ ពេលឮភ្លាមជនរងគ្រោះភ័យមិនហ៊ានទៅម្នាក់ឯង ក៏បានហៅក្មេងៗទៅជួយមើល ពេលទៅដល់ឃើញទ្វារផ្ទះរបស់ខ្លួនត្រូវគាស់ចេញពីផ្ទះបាត់អស់ ភ្លាមនោះជនរងគ្រោះបានប្រញាប់ទៅមើលនៅផ្ទះទិញអេតចាយស្ថិតនៅភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ក៏ឃើញទ្វារផ្ទះរបស់ខ្លួនចំនួន០២ផ្ទាំងត្រូវជនសង្ស័យយកទៅលក់នៅទីនោះក្នុងតម្លៃ៥ម៉ឺនរៀល ពេលនោះអ្នកទិញអេតចាយក៏ប្រគល់ទ្វារដែកនោះទៅឱ្យជនរងគ្រោះវិញដោយមិនយកប្រាក់។ បន្ទាប់មកជនរងគ្រោះបានបន្តដើររកទ្វារខ្លួនចំនួនពីរផ្ទាំងទៀតក៏ឃើញនៅផ្ទះទិញអេតចាយមួយកន្លែងទៀត ជនរងគ្រោះបានប្រាប់ទៅអ្នកទិញអេតចាយថាជារបស់ខ្លួន ហើយកុំទាន់ដឹកចេញទៅណា និយាយចប់ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ។ លុះព្រឹកឡើងថ្ងៃទី៥ ខែឆ្នដដែល ជនរងគ្រោះបានធ្វើដំណើរទៅផ្ទះទិញអេតចាយមើលទ្វាររបស់ខ្លួនដែលបានផ្តាំឱ្យទុកមិនឃើញ ក៏ត្រឡប់មកប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង។ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខា សុខឃៀង មកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print