ភ្នំពេញ៖ តារាសម្ដែងជាតួបងធំ លោក សុខា បញ្ញា ហៅលោកគ្រូភ្លើង រួមជាមួយនឹងអតីតបេក្ខនារី កម្មវិធីប្រឡងចម្រៀងThe Voice Cambodia គឺកញ្ញា ចិន្តា វីតា បានចំណាយទុនរាប់ម៉ឺនដុល្លារអាមេរិក ដើម្បីបើកហាងផឹកស៊ីធំដុំមួយយីហោ«Fire ឬ ភ្លើង» ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញគឺផ្សារសូរិយាម៉ល។
តារាចម្រៀង និងតារាសម្តែងខាងលើបានធ្វើពិធីបើកហាងរបស់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដោយមានវត្តមានតារាសិល្បៈមួយចំនួនចូលរួម។
លោក សុខា បញ្ហា ដែលមានអ្នកស្គាល់ភាគច្រើនជាតួអង្គបងធំក្នុងរឿង និងជាគ្រូបង្ហាត់ជំនាញសិល្បៈល្បីឈ្មោះផងបានអះអាងថា លោកសម្រេចចិត្តបើកហាងផឹកស៊ីយីហោ«ភ្លើង» គឺដោយសារតែពាក្យភ្លើងជាឈ្មោះហៅក្រៅរបស់លោក ហើយឈ្មោះនេះបានជួយឲ្យលោកទទួលបានការចាប់អារម្មណ៍នៅក្នុងពិភពសិល្បៈ។ លោកថាជាលើកទី១ ដែលលោកប្រឡូកសិល្បៈតាំងពីឆ្នាំ២០១០ ហើយមានលទ្ធភាពសន្សំលុយបាន៣ម៉ឺនដុល្លារបើកហាងនេះ។ លោកមានគម្រោងបើកសាខាហាងផឹកស៊ីយីហោ«ភ្លើង»ក្នុងពេលបន្តបន្ទាប់ទៀត ប្រសិនបើហាងផឹកស៊ីដែលបើកដំណើរការសាខាទី១ទទួលបានជោគជ័យ។ លោកថាដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ លោកសម្រេចដាក់លក់ម្ហូបក្លែមគ្រប់មុខ។ អ្វីដែលពិសេសសម្រាប់ហាងលោកគឺការបម្រើអាហារ ភេសជ្ជៈ និងក្រុមតន្ត្រីLive Band ដែលមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះ និងជាអតីតបេក្ខជន The Voice Cambodia គឺកញ្ញា ចិន្តា វីតា និងលោក Mario ជាដើម។
លោកបញ្ជាក់ថា បើទោះបីជាបើកដំណើរការហាងនេះក្តីក៏លោក ក៏ដូចជាកញ្ញា វីតា បន្តការងារសិល្បៈដដែល ហើយលោករំពឹងថា មហាជន ក៏ដូចជាសិល្បករនឹងជួយគាំទ្រលោកចំពោះអាជីវកម្មថ្មីនេះ៕
ដោយ៖ វឌ្ឍនា