ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងអ្នកជិះម៉ូតូ៣គ្រឿងទៀតបានរងរបួសស្រាល ខណៈម្ចាស់រថយន្តម៉ាកTOYOTA PRADO បើកទៅបុករះម៉ូតូហើយមិនព្រមឈប់ដោះស្រាយ បែរព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្តបង្ករបណ្តាលអោយម្ចាស់រថយន្តរងរបួសធ្ងន់ហូរឈាមស្រោចលើខ្លួនតែម្តង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១៩៨៦ មុខសាកលវិទ្យាល័យនិងមន្ទីរពេទ្យសែនសុខ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តម៉ាក TOYOTA PRADO ពណ៌សំបកឪឡឹក១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2I-8897 បើកតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់មុខសកលវិទ្យាល័យនិងមន្ទីរពេទ្យសែនសុខ រថយន្តបានរេចង្កូតទៅបុកម៉ូតូវីវ៉ា១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1L-៣៩៤៨ ពណ៌ខៀវ ពីក្រោយដែលជិះស្របទិសគ្នាពីរនាក់ប្តីប្រពន្ធបណ្តាលអោយដួលរងរបួសស្រាល តែគាត់មិនបានឈប់ហើយក៍បើកទៅបុក រហូតដល់មុខភោជនីយដ្ឋាន តាយតាយ ក៏ទៅបុកម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម1B-៨៧១៧ ចំពីក្រោយ ម៉ូូូតូអ្នកគ្រូម្នាក់ ខ្ទាតមនុស្សចេញរងរបួសស្រាល ។ រថយន្តមិនបានឈប់ក៏បន្តដំណើរទាំងអូសម៉ូតូរបស់អ្នកគ្រូនៅជាប់ក្រោយរថយន្ត អូសតាមផ្លូវបែកផ្កាភ្លើង ព្រោងព្រាត ហើយការបើករត់នេះក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកវេវពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AD-0930របស់បុរសរត់ឌុបម្នាក់ ខណៈអង្គុយចាំម៉ូយនៅមុខខារ៉ាអូខេ និងសណ្ឋាគារ ហេវិន រងការខូតខាត តែសំណាងល្អមនុស្សបានលោតចេញទាន់ទើបរួចផុតពីគ្រោះថ្នាក់។
ប្រភពដដែលបន្តថា បន្ទាប់មកទៀតបុរសស្រវឹងស្រាជោគជាំនោះ នៅតែមិនព្រមឈប់មកដោះស្រាយ បន្តបើករត់រហូតដល់ចំណុចស្តុបផ្លូវ៥៩៨ កែងនិង១៩៨៦ ហើយរថយន្តទៅមុខលែងរួច ក៏ត្រូវប្រជាពលរដ្ឋជាច្រើននាក់ដែលឃើញហេតុការណ៍មានចិត្តខឹងសម្បារ នាំគ្នាយកដុំថ្ម ដំបង មកវាយគប់ កំទេចរថយន្តនិងគប់ទៅលើបុរសម្ចាស់រថយន្តបណ្តាលអោយរងរបួសធ្ងន់។
ក្រោយពេលកើកហេតុសមត្ថកិច្ចបានទៅជួយអន្តរាគមន៍ និងបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកស្ទួចយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕
ដោយ៖ តុង សីហា