ភ្នំពេញ៖ កម្ពុជា ការនាំចេញអង្ករបានជាង ៦៥ម៉ឺនតោន និងស្រូវជាង ៤លានតោន នៅដោយមានចំនួនទឹកប្រាក់ប្រមាណជាង ១,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។
របាយការណ៍ដដែល បានបញ្ជាក់ថា ការនាំចេញអង្ករឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា អង្ករដែលកម្ពុជា ធ្វើការនាំចេញតាមរយៈក្រុមហ៊ុនចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ដោយទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករស ចំនួន ១២.៩៤% , អង្ករចំហ៊ុយ ២.៩២ %, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករសគ្រាប់ខ្លីចំនួន ០.០៣% និងអង្ករដំណើបចំនួន ០.២០%។
ដោយឡែកការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦.៥០% និងទឹកប្រាក់មានកំណើនចំនួន ៥៦.៦៩% បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕ដោយ៖តារា