ខេត្តស្វាយរៀង: សមត្ថកិច្ចបញ្ជូន ជនសង្ស័យជនជាតិចិន តៃវ៉ាន់ ៥នាក់មកតុលាការ ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ ។
យោងតាម លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះថា
អនុវត្តតាម បទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥ នាក់(ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភារ:រួមមាន:
ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម(២គីឡូ២៤៥,០៦ក្រាម)
ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ក្រាម
ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង អាវុធវែង០១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ០២ អាវុធខ្លី០២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ០៥ បំពង់ពង់ផ្ទប់សម្លេង ០២ ដើម
ទូរសព្ទដៃ ៣១ គ្រឿង ឡេបថប ០១ គ្រឿង លិខិតឆ្លងដែន ១៩ ក្បាល
ប្រាក់ដូល្លា ២០០០$
និងរថយន្ត ០២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀតផងដែរ៕ដោយ៖សុថាន