សិស្សប្រឡងជាប់និទ្ទេសA ខេត្តសៀមរាប​ ១៨៨នាក់​ បានទទួលម៉ូតូ​ ពីសម្តេចពិជ័យសេនា ទៀ បាញ់

ចែករំលែក៖

ខេត្តសៀមរាប ៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២២-២០២៣ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ១៨៨ នាក់ ស្រី ១០៣នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥២លីត្រ មួកសុវត្ថិភាព១ ស្លាកលេខម៉ូតូ និង លិខិតសរសើរ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរ ដោយ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋ មន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបត្រូវបានធ្វើការប្រគល់ជូន នៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៤នេះ នៅសាលសន្និសិទ្ធ នៃសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកឧកញ៉ា លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ និង ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោកលោកស្រីសមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សផងដែរ ។

តាមការបញ្ជាក់របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងផងដែរថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានចែកចេញជា ១៦មណ្ឌលប្រឡង មាន ៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់៦៧៣នាក់ ស្រី៦ពាន់១៨៨ នាក់ ។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣នេះ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន៨ពាន់៦៣៣នាក់ ស្រី៥ពាន់២១៤នាក់ ស្មើនឹង៨០,៨៩% ស្រី៨៤,២៦%។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៨៨នាក់ ស្រី ១០៣នាក់ ,និទ្ទេស B ចំនួន ៦៤៦នាក់ ស្រី ៤០៧នាក់ ,និទ្ទេសC ចំនួន ១ពាន់៧៤២នាក់ ស្រី១ពាន់១៤៦នាក់ និទ្ទេស Dចំនួន៣ពាន់៩៤នាក់ ស្រី១ពាន់៩០៣នាក់ និងនិទ្ទេសE ចំនួន ២ពាន់៩៦៣នាក់ ស្រី ១ពាន់៦៥៥នាក់។

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការថ្លែងអំណរគុណនយោបាយឈ្នះឈ្នះអរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋានធម្មជាតិ ។ ក្នុងនោះដែរសម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្មួយៗចៅៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាបទាំងនៅគ្រឹះស្ថានរដ្ឋ និងឯកជន ។ សម្តេចបានបញ្ជាក់ថា ក្នុងគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមកិច្ចដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ក្នុងវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានជម្រុញដល់សិស្សទាំងអស់ ត្រូវខិតខំសិស្សតាមបែបឌីជីថល ហើយសូមឲ្យក្មួយៗចៅៗខិតខំសិក្សាស្វែងយល់ឲ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ក្មួយៗចៅៗត្រូវបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ពីព្រោះថា ក្មួយៗចៅៗនេះហើយជាសរសស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ឲ្យដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោក ។ ម្យ៉ាងទៀត ក្មួយៗចៅៗទាំងអស់ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និង ត្រូវជឿសឲ្យឆ្ងាយពីគ្រឿងញៀន ដោយក្មួយៗចៅៗទាំងអស់ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១៨៨នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥២លីត្រ និងលិខិតសសើរផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print