កាលពីថ្ងៃទី១០ ខែមករា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេស។
ការអត្ថាធិប្បាយខាងលើត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៅចុងឆ្នាំនៃគណបក្សពលករកូរ៉េ បន្ទាប់ពីលោក គីម ជុងអ៊ុន បានពណ៌នាទំនាក់ទំនងអន្តរកូរ៉េថាជា “ប្រទេសអរិភាពទាំងពីរ” ហើយថាវាមិនមានប្រយោជន៍ទេនៅពេលស្វែងរកការផ្សះផ្សា និង ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង។
លោក គីម ជុងអ៊ុន បានប្រកាសថា លោកនឹងមិនចាប់ផ្តើមសង្គ្រាមដោយឯកតោភាគីនោះទេ ប៉ុន្តែក៏ “គ្មានចេតនាចង់បញ្ចៀសសង្គ្រាម” ហើយថា ទីក្រុងព្យុងយ៉ាងត្រូវ “ពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីការពារខ្លួន និងរារាំងសង្គ្រាមនុយក្លេអ៊ែរជាមុនសិន”។
សារព័ត៌មាន KCNA បាននិយាយថា កាលពីដើមសប្តាហ៍នេះ លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋ និងយោធាកូរ៉េខាងជើង បានត្រួតពិនិត្យរោងចក្រសព្វាវុធធំៗ ក្នុងគោលបំណងលើកទឹកចិត្តកម្មករ “ក្នុងការប្រយុទ្ធដើម្បីសម្រេចបាននូវគោលដៅផលិតកម្មដ៏ធំសម្រាប់ឆ្នាំថ្មី” ៕
រូបថត: TTXVN