ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងពីការរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់ពួកគេ។
ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ព្រមទាំងសាធារណមតិជាតិ និងអន្តរជាតិមេត្តាជ្រាបថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៦.២៧៩ ក្នុងនោះសមាគមមានចំនួន២.៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣.៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យ ជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញ កាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។
លើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកសារជាថ្មីចំពោះសមាគមនិងអង្គការមិនមែនរដ្ឋា ភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ច ដូចខាងក្រោម៖
១.សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពី ព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយូរ៣០ (សាមសិប)ថ្ងៃ គិតចាប់ពី ថ្ងៃចុះបញ្ជី។ ចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការជូនដំណឹងនាពេល កន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។
២.សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងមហាផ្ទៃ ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃដែលផ្លាស់ប្តូរ ឬប្រែប្រួល ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតដែលបានផ្លាស់ប្តូរ។
៣.អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់។ ក្នុងករណី ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវផ្ញើរបាយការណ៍ ខាងលើ ដោយចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ក្នុងអំឡុងពេល៣០ (សាមសិប)ថ្ងៃ គិត ចាប់ពីថ្ងៃផ្ញើទៅម្ចាស់ជំនួយ ព្រមទាំងឯកសារគម្រោងកម្មវិធីការងារ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន១(មួយ) ច្បាប់ ដែលម្ចាស់ជំនួយបានយល់ព្រម ដោយចម្លងពីឯកសារដើមឱ្យបានក្នុងអំឡុងពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃម្ចាស់ជំនួយបានឯកភាពយល់ព្រម។ របាយការណ៍នេះតម្កល់ទុកនៅទីស្នាក់ការរបស់ខ្លួនរយៈពេល យ៉ាងតិច៥(ប្រាំ)ឆ្នាំ។ ចំពោះ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការផ្ញើរបាយការណ៍ នាបណ្តាឆ្នាំកន្លងមក និងរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ត្រូវផ្ញើមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។
៤.សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែល ផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ក្រសួងមហាផ្ទៃ សង្ឃឹមនិងជឿជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែល បានតម្កល់សំណុំលិខិត និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវសហការចូលរួមអនុវត្តតាមសេចក្តី ជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងអនុវត្តវិធានការស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន ៕