ភ្នំពេញ : ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា : តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-កូស្ទ័រ ប្រទេសស្វីស។
ក្រោមមូលបទ “ការកសាងឡើងវិញនូវទំនុកចិត្ត” កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ថ្នាក់ ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានានឹងចូលរួម ក្នុងកិច្ចប្រជុំនេះ។
អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សម្តេចធិបតី នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុង កម្មវិធីអាហារការងារថ្ងៃត្រង់ ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ “ការស្តារទំនុកចិត្ត លើប្រព័ន្ធសកលលោកឡើងវិញ” សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហា ប្រឈមដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនា ដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលជាជាបីសម្រាប់ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្តេចធិបតី នឹងមានជំនួបជាមួយ លោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង ធុរជននៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា ៕