សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញការសាងអគារដ្ឋបាលថ្មីរដ្ឋសភា ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព សោភ័ណភាព និងការប្រើប្រាស់ស្របតាមតម្រូវការ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសដែលជាអ្នកគ្រប់គ្រងគម្រោង(PMU) ដើម្បីពិនិត្យលើការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះមានការចូលរួមពី លោកអគ្គលេខាធិការរដ្ឋសភា លោក ច័ន្ទ តានី ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច និងគណៈកម្មការប្រតិបត្តិរបស់រដ្ឋសភាទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់ស្តីពីជំនួយរបស់បក្សរដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជានូវសំណង់អគាររបស់រដ្ឋសភា។

សំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារ ដោយមានក្រុមហ៊ុនពីរជាអ្នកគ្រប់គ្រងគម្រោងគឺ ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនម៉ៅការសាងសង់ ធី ស៊ី វី។ ការដ្ឋានសាងសង់បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០២១ និងបានកំណត់ទុកថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភា បានសម្ដែងនូវអំណរគុណចំពោះការធ្វើបទបង្ហាញរបស់លោកអគ្គលេខាធិការ ឯកឧត្តមប្រធានក្រុមទីប្រឹក្សា ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុត ក៏ដូចជាការលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។

បន្ទាប់ពីការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារ និងក្រុមហ៊ុនទំាងអស់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាពផងដែរ។ សម្តេចរដ្ឋសភាធិបតី បានផ្តល់មតិដឹកនាំឱ្យក្រុមការងារ រៀបចំរបាយការណ៍សាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា កាន់តែមានភាពច្បាស់លាស់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនដាក់ជូនគណៈកម្មការត្រួតពិនិត្យសំណង់អគាររដ្ឋបាលថ្មីរដ្ឋសភា ធ្វើការពិនិត្យនិងផ្តល់អនុសាសន៍​៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print