ប្រធានាធិបតីហ្វុីលីពីនបានស្នើដល់ស្ថានប័នទទួលខុសត្រូវត្រូវតែបើកយុទ្ធនាការបញ្ចប់ការជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំនៅក្នុងប្រទេសរបស់ខ្លួន ។ យុទ្ធនាការសម្លាប់ពួកជួញដូរគ្រឿងញៀនគឺជាពាក្យសន្យារបស់លោកប្រធានាធិបតី ឌុយទែរតេ នៅក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ឌុយទែរតេ។
តាប់តាំងពីថ្ងៃលោក ឌុយទែរតេ ជាប់ឆ្នោតមកទល់ពេលនេះ មានអ្នកជួញដូរគ្រឿងញៀនជាង ១១០នាក់ត្រូវបានប៉ូលិសសម្លាប់ចោល។ នេះគឺជាទង្វើមួយដែលក្រុមអង្គការអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកតំណាងរាស្រ្តរបស់បក្សប្រឆាំងកំពុងទាញសញ្ញាអាសន្ន។ តែលោក ហ្សូហ្សេ កាលីដា មេធាវីទទួលបន្ទុកកិច្ចការតុលាការរបស់រដ្ឋាភិបាលបានចេញមុខបកស្រាយនៅក្នុងសន្និសីទកាសែតមួយថា ការស្លាប់ពួកជួញដូរគ្រឿងញៀនពីសំណាក់កម្លាំងប៉ូលិសជារឿងស្របច្បាប់ ព្រមទាំងជួយគាំទ្រកម្លាំងប៉ូលិសឲ្យបន្តយុទ្ធនាការសម្លាប់តទៅទៀត និងឲ្យបានច្រើនជាងនេះ។
ការសម្លាប់ក្រុមជួញដូរគ្រឿងញៀនខាងលើនៅមានកម្រិតតិចតួចខ្លាំងណាស់ ព្រោះនៅក្នុងប្រទេសហ្វុីលីពីនសព្វថ្ងៃ មានអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនច្រើនណាស់។ យោងតាមលោក កាលីដា មានភូមិ ឬស្រុកខ្លះកំពុងក្លាយជាទីកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញានតែម្តង។
សូមជម្រាបជូនថា លោកប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ ដែលទើបចូលកាន់តំណែងធ្លាប់បានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថានឹងចាត់វិធានការយ៉ាងចាស់ដៃបង្រ្កាបពួកជួញដូរគ្រឿងញៀនដើម្បីរារាំង ហ្វុីលីពីនកុំឲ្យក្លាយជារដ្ឋជួញដូរគ្រឿងញៀន។
លោក ឌុយទែរតេ កំពុងទទួលរងការរិះគន់ ទិតៀន យ៉ាងខ្លាំងពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស និងឥស្សរជននយោបាយមួយចំនួន ពិសេសពួកគណបក្សប្រឆាំង។ លោក ហ្សូហ្សេ ម៉ានុយអែល ឌីយ៉ូណូ មេធាវីសិទ្ធិមនុស្សបានចោទលោក ឌុយទែរតេ ពីបទបានបង្កើតឲ្យមានបរិយាកាសហិង្សាប្រកបដោយអាណាធិបតេយ្យ និងបង្កើតរដ្ឋមួយដែលគ្មានចៅក្រម៕
ប្រែសម្រួល៖ សាធី