ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២០A អតីតផ្លូវ លេខ៣៨ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងជួបប្រទះបញ្ហាលំបាកធ្វើដំណើរជាខ្លាំងនារដូវវស្សានេះដោយសារតែរថយន្តដឹកដីធំៗបានបំផ្លាញផ្លូវនៅក្នុងតំបន់នេះ ស្ទើរមិនអាចជិះកង់ជិះម៉ូតូបាន ។
ក្នុងនាមប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរឲ្យជួយធ្វើ អន្តរាគមន៍ករណីរថយន្តដឹកដីបំផ្លាញផ្លូវក្នុងសហគមន៍នេះដែរ ប៉ុន្តែទឹកមាត់អាជ្ញាធរហាក់ដូចជាមិនប្រៃជាមួយនឹងពួកឈ្មួញរកស៊ីដឹកជញ្ជូនដីនោះឡើយ ។
មិនត្រឹមតែបំផ្លាញផ្លូវបង្កការលំបាកដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ រថយន្តដឹកដីធំៗទាំងនេះក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់រួចមកហើយៗក៏ថែមទាំងធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតថែមទៀតផង ។ ពួកឈ្មួញហាក់ដូចជាមានអភ័យឯកសិទ្ធិនៅក្នុងការប្រើរថយន្តធំៗដឹកជញ្ជូនអាចម៍ដីយកទៅលក់ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ប៉ុន្តែបានបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ហើយជារឿយៗតែងតែមានគ្រោះថ្នាក់បង្កដោយរថយន្តដឹកដីធុនធំទាំងនោះ ។ ពេលដែល បង្កគ្រោះថ្នាក់អ្នកបើកបរបានត្រឹមចុះរត់ចោលរថយន្ត ហើយចុងក្រោយសង សំណង២-៣លានរៀលប៉ុណ្ណោះ ។
អាជ្ញាធរថ្នាក់ភូមិ ឃុំមិនមានលទ្ធភាពដើម្បីបង្ក្រាបក្រុមរថយន្តដឹកដីបំផ្លាញផ្លូវទាំងនេះទេ ។ រីឯថ្នាក់លើដទៃទៀតដូចជាស្រុក ខេត្តត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍យើងខ្ញុំ ដែលរស់នៅតាមបណ្តោយផ្លូវលេខ២០A យល់ថា មានចំណែកផលប្រយោជន៍ ពីរថយន្តដឹកដីទាំងនោះ។ នៅពេលដែលប្រជាពលរដ្ឋសុំរកកិច្ចអន្តរាគមន៍គេមិនដែល ឃើញអាជ្ញាធរថ្នាក់ស្រុកចេញមុខឈឺឆ្អាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះឡើយ៕
ប្រជាពលរដ្ឋម្នាក់នៅស្រុកកណ្តាលស្ទឹង